បាងកក (ថៃ) ៖ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តារាចម្រៀងថៃ ជើងចាស់ ល្បីឈ្មោះ លោកទិក ឈីរ៉ូ អាយុ ៦៣ឆ្នាំ បានបើករថយន្ត បុកម៉ូតូ ១គ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់ ។
តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា ក្រោយកើតហេតុ តារាចម្រៀង ទិក ឈិរ៉ូ មិនបានរត់គេចទៅណាទេ គឺលោកនៅកន្លែងកើតហេតុ រង់ចាំប្រគល់ខ្លួនឲ្យប៉ូលិស។
ប្រភពដដែល បន្តថា លោកទិក ឈីរ៉ូ បានសារភាពថា ខ្លួនជាអ្នកបើករថយន្តរថយន្តបង្កហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំផ្លូវសុខាភិបាល៥ គល់ស្ពានអាកាសផ្លូវទេពរក្ស សង្កាត់អរងើន ខណ្ឌសាយម៉ៃ ទីក្រុងបាងកក ប្រទេសថៃ។
ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុ លោកទិក ឈីរ៉ូ បានបង្ហាញអារម្មណ៍សោកស្តាយ និងបានទទួលស្គាល់កំហុសដែលគាត់បានធ្វើ ហើយលោកបានលុតជង្គង់ក្រាបសំពះឈាមអ្នកស្លាប់នៅលើស្ពាន ដោយក្តីសោកស្ដាយ និងសូម ទោសចំពោះកំហុសដោយអចេតនានេះ ហើយនៅពេលនោះ មាននារីវ័យក្មេងម្នាក់ ដែលគេជឿថាជាប្រពន្ធរបស់លោកទិក ឈីរ៉ូ បានមកលួងលោម លើកទឹកចិត្តលោកផងដែរ៕