Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិប៉ាគីស្ថាន រកឃើញកុមារឆ្ល.../ងជំងឺគ្រុ.../នស្វិតដៃជើងច្រើន ដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស

ប៉ាគីស្ថាន រកឃើញកុមារឆ្ល…/ងជំងឺគ្រុ…/នស្វិតដៃជើងច្រើន ដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស

ប៉ាគីស្ថាន ៖ ប្រទេសប៉ាគីស្ថាន រកឃើញកុមារបន្ថែមទៀត ដែលឆ្លងមេរោគប៉ូលីយ៉ូ (គ្រុនស្វិតដៃជើង) ខណៈអាជ្ញាធរត្រៀមចាប់ផ្ដើមចាក់ថ្នាំបង្ការដល់កុមារ រាប់សិបលាននាក់ នៅទូទាំងប្រទេស នៅចុងខែតុលា នេះ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា  អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ថា ពួកគេបានបញ្ជាក់ពីករណីចំនួន ៦បន្ថែមទៀត នៃវីរុសប៉ូលីយ៉ូវី ប្រភេទទី១ (WPV1) ដែលនាំឱ្យចំនួនកុមារដែលបានឆ្លងនៅឆ្នាំនេះ មានចំនួន ៣៩នាក់។ ករណីថ្មី ចំនួនបី គឺនៅក្នុងខេត្តបាឡូជីស្ថាន ( Balochistan) ១ករណី នៅខេត្តស៊ីនដ៍ (Sind) ១ករណី និងមួយករណីទឿត គឺនៅខេត្តខូបឺរ ប៉ាកទុនក្វា (Kober Pakhtunkhwa) ។

ជំងឺគ្រុនស្វិតដៃជើង (ប៉ូលីយ៉ូ) ជាជំងឺឆ្លងដែលបណ្តាលឲ្យខ្វិន ក្នុងចំណោមកុមារ ហើយមិនមានថ្នាំព្យាបាលទេ ប៉ុន្តែវាត្រូវបានលុបចោលពីផ្នែកភាគច្រើននៃពិភពលោក បន្ទាប់ពីបានអភិវឌ្ឍនិងជំរុញឱ្យមានវ៉ាក់សាំងការពារ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាកន្លែងចុងក្រោយមួយក្នុងពិភពលោក ដែលជំងឺគ្រុនស្វិតដៃជើង នៅតែជាជំងឺរាតត្បាត។

អ្នកស្រី អាយេសា រ៉ាហ្សា ហ្វារ៉ូក (Ayesha Raza Farooq) មន្ត្រីទំនាក់ទំនងរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បាននិយាយថា “នេះគួរតែជាការដាស់តឿនសម្រាប់ក្រុមគ្រួសារ និងសហគមន៍ទាំងអស់ សម្រាប់ការលុប បំបាត់ជំងឺស្វិតដៃជើង។ សម្រាប់រាល់ករណីនៃការខ្វិន ដោយសារជំងឺស្វិតដៃជើង នេះមានន័យថា មានកុមាររាប់រយនាក់ដែលបានឆ្លងជំងឺគ្រុនស្វិតដៃជើង ហើយគ្មាននរណាម្នាក់ដឹងអំពីវានោះទេ ហើយមានឱកាសដែលពួកគេនឹងធ្វើជាអ្នកដឹកជញ្ជូន និងផ្សព្វផ្សាយពាសពេញសហគមន៍ដែលពួកគេរស់នៅ»។

ខេត្តបាឡូជីស្ថាន (Balochistan) គឺជាកន្លែងដែលមានការរីករាលដាលនៃការឆ្លងជំងឺគ្រុនស្វិតដៃជើង អាក្រក់បំផុត ព្រោះថាចាប់ពីដើមឆ្នាំ២០២៤ កុមារដែលឆ្លងជំងឺគ្រុនស្វិតដៃជើង ត្រូវបានរកឃើញចំនួន ២០ករណី នៅ ក្នុងខេត្តនេះ បន្ទាប់មកគឺខេត្តស៊ីនដ៍ មាន ១០ករណី និងខេត្តកូបឺរ ប៉ាកទុនក្វា មាន៥ករណី ខណៈខេត្តប៉ាន់ចាប (Punjab) និងអ៊ីស្លាម៉ាបាត (Islamabad) ត្រូវបានរកឃើញ ១ករណី។

ប្រទេសប៉ាគីស្ថាន កំពុងរៀបចំសម្រាប់ការជំរុញការចាក់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើង ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដែលនឹងចាក់វ៉ាក់សាំងកុមារ ជាង ៤៥លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំ។

ប៉ាគីស្ថាន ស្ទើរតែលុបបំបាត់ជំងឺស្វិតដៃជើងចេញពីប្រទេសទៅហើយ ស្រាប់តែចំនួននៃការឆ្លង បានកើនឡើង ចាប់តាំងពីឆ្នាំ២០២១ ដោយសាររដ្ឋាភិបាល បានព្យាយាមបញ្ចុះបញ្ចូលមនុស្សឱ្យចាក់វ៉ាក់សាំងកូនរបស់ពួកគេ ខណៈពេលដែលបព្វជិតសាសនា និងក្រុមប្រដាប់អាវុធ ពួកគេបានរួមគ្នាធ្វើយុទ្ធនាការប្រឆាំងការចាក់វ៉ាក់សាំង រួមជាមួយនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា វ៉ាក់សាំង គឺជាផ្នែកមួយនៃផែនការរបស់លោកខាងលិច ដើម្បីសម្លាប់ជនម៊ូស្លីម ធ្វើឲ្យមនុស្សកាន់តែចៀសវាងការយកកូនទៅទទួលថ្នាំបង្ការ និងជាហេតុធ្វើឲ្យជំងឺគ្រុនស្វិតដៃជើង ផ្ទុះការរាតត្បាតខ្លាំឡើងវិញ៕

RELATED ARTICLES