Thursday, October 24, 2024
Homeព័ត៌មានអន្តរជាតិចិន ធ្វើសមយុទ្ធបា.../ញ់គ្រា---/ប់ពិត ក្បែរកោះតៃវ៉ាន់

ចិន ធ្វើសមយុទ្ធបា…/ញ់គ្រា—/ប់ពិត ក្បែរកោះតៃវ៉ាន់

ប៉េកាំង (ចិន) ៖ ចិន បានគំរាមបាញ់គ្រាប់ពិតទៀត លើកោះមួយ ក្បែរតៃវ៉ាន់ តែ ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការធ្វើសមយុទ្ធយោធាដ៏ធំ នៅជុំវិញកើតៃវ៉ាន់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា ប្រទេសចិនបានប្រកាសកាលពីយប់ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ថាខ្លួននឹងបិទតំបន់ជុំវិញកោះ Niushan ចម្ងាយ ១០៥គីឡូម៉ែត្រ ពីកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ៤ ម៉ោង ចាប់ពីម៉ោង ៩ព្រឹក ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ម៉ោងក្នុងតំបន់ តទៅ។

លោកជូ រ៉ុងតៃ (Zuo Rong-tai) នាយករដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ថា ចិន មិនគួរធ្វើសមយុទ្ធយោធាបែបនេះទេ ព្រោះវាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ មិនថាសមយុទ្ធធំប៉ុនណាទេ វាមិនគួរកើតឡើងញឹកញាប់ទេ នៅជិតកោះតៃវ៉ាន់។ ការធ្វើដូច្នេះ នឹងធ្វើឱ្យមានភាពតានតឹងដែលមិនចាំបាច់” ។

ទោះបីតៃវ៉ាន់ បានបញ្ជាក់បែបនេះក៏ដោយ សមយុទ្ធហ្វឹកហ្វឺនចុងក្រោយរបស់ចិន វាជារឿងដែលកើតឡើងជាប្រចាំ។ ប៉ុន្តែអ្នកវិភាគគិតថា ចិន ប្រហែលជាចង់ផ្ញើសារ ព្រមានតៃវ៉ាន់ ព្រោះតែសមយុទ្ធនេះ ធ្វើឡើងយ៉ាងកៀកនឹងតៃវ៉ាន់។

សមយុទ្ធចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកនៃយុទ្ធនាការធំជាងមុនផងដែរ។ ប្រទេសចិន បានបញ្ជូនកប៉ាល់ និងយន្តហោះចម្បាំង បន្ថែមទៀត ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនចូលទៅក្នុងដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់ ធ្វើឱ្យការរំលោភព្រំដែន ក្លាយជារឿងធម្មតា និងធ្វើឱ្យតៃវ៉ាន់ ចុះខ្សោយតាមពេលវេលា។ ទន្ទឹមនឹងនេះ ចិន បានចាប់ផ្តើមបង្កើនសមយុទ្ធយោធារបស់ខ្លួន។

ចំណែកប្រទេសសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ ជាពិសេសសហរដ្ឋអាមេរិក បានបញ្ជូននាវាបន្ថែមទៀត ឱ្យធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ផងដែរ។ សហរដ្ឋអាមេរិក បានធ្វើបែបនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយអះអាងថា គេមានសេរីភាពក្នុងការធ្វើនាវាចរណ៍។  ប៉ុន្តែថ្មីៗនេះមានសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជា កាណាដា អាល្លឺម៉ង់ អូស្ត្រាលី និងជប៉ុន បានបញ្ជូនកប៉ាល់ ទៅចូលរួមល្បាតផងដែរ៕

RELATED ARTICLES