តូក្យូ (ជប៉ុន) ៖ លោកអ៊ិឈិបា សេហ្គេរុ (Ishiba Sheigeru) នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទររូបលោក ក្នុងឱកាសចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
លោកអ៊ិ ឈិបា សេហ្គេរុ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យសូមគោរពជូនសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានខ្លឹមសារទាំងស្រុងថា «សម្តេចអគ្គមហាសេនាបតី តេជោ ជាទីគោរពរាប់អាន! ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះសម្តេច ដែលបានផ្ញើសារអបអរសាទរដ៏កក់ក្តៅ ជូនខ្ញុំ ក្នុងឱកាសចូលកាន់តំណែងរបស់ខ្ញុំ ជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ។
ប្រទេសជប៉ុន និងកម្ពុជា បានកសាងទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងជឿទុកចិត្តគ្នា តាមរយៈកិច្ចសហ ប្រតិបត្តិការដើម្បីសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍនៅកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនលើមូលដ្ឋានដ៏រឹងមាំនេះ មិនត្រឹមតែវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យជាច្រើនទៀត ដូចជា សន្តិសុខ សាយប័រ និងឌីជីថល។ ក្នុងដំណើរការនេះ ខ្ញុំសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត ចំពោះការរួមចំណែកដ៏ធំធេងរបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ប្រទេសជប៉ុន មានបំណងសហការយ៉ាងសកម្មជាមួយសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
គួររំលឹកថា កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤ ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ ជូនលោកអ៊ិឈិបា សេហ្គេរុ (Ishiba Sheigeru) នាយករដ្ឋមន្រ្តីជប៉ុន ក្នុងោកាសដែលលោកចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី នៃប្រទេសជប៉ុន ៕