Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន អនុវត្តច្បាប់ថ្មី ចាប់ដាក់គុ.../កនិងពិន័យ អ្នកជិះកង់ ប្រើទូរស័ព្ទ ឬស្រវឹង

ជប៉ុន អនុវត្តច្បាប់ថ្មី ចាប់ដាក់គុ…/កនិងពិន័យ អ្នកជិះកង់ ប្រើទូរស័ព្ទ ឬស្រវឹង

ប្រទេសជប៉ុន ៖ ជប៉ុន បានចាប់ខ្លួនមនុស្ស៥នាក់ ឆ្លើយតបនឹងច្បាប់ថ្មី ដែលកំណត់ឲ្យចាប់ផាកពិន័យ និងដាក់ពន្ធនាគារ អ្នកដែលប្រើទូរស័ព្ទដៃ ឬស្រវឹង ពេលជិះកង់។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា  ប្រទេសជប៉ុន បានអនុម័តច្បាប់ថ្មី កាលពីថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ពេលកំពុងជិះកង់។ អ្នកបំពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ ៦ខែ ឬពិន័យជាប្រាក់ ចំនួន ១០០ ០០០ (ប្រហែល ៦៥៨ដុល្លារអាមេរិក)។

បន្ទាប់ពីស្ថិតិគ្រោះថ្នាក់ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់កង់ បានកើនឡើងជាលំដាប់ ចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលមនុស្សកាន់តែច្រើន បានងាកមកជិះកង់ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ជប៉ុន បានបង្កើតច្បាប់ថ្មីនេះ រួមបញ្ចូលទាំងការផាកពិន័យចំពោះអ្នកជិះកង់ក្នុងពេលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយជន ល្មើស នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ៥០០ ០០០យ៉េន (ប្រហែល ១៤៨២៨ ដុល្លារអាមេរិក)។

ប៉ុន្មានម៉ោងបន្ទាប់ពីច្បាប់នេះចូលជាធរមាន កាលពីថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ភ្លាមៗនោះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៥នាក់ នៅក្នុងទីក្រុងអូសាកា (Osaka) រួមទាំងមនុស្សពីរនាក់ដែលត្រូវបានចាប់បានថា ជិះកង់ ពេលកំពុងផឹកស្រា។ ម្នាក់ក្នុងចំណោមនោះ បានជិះកង់ទៅបុកអ្នកជិះកង់ម្នាក់ទៀត ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់រងរបួស។

ក្រោមច្បាប់ថ្មីនេះ អ្នកជិះកង់ដែលបង្កគ្រោះថ្នាក់ នឹងត្រូវពិន័យជាអតិបរមា ៣០០ ០០០យ៉េន (ប្រហែល ៨៨៩៦ ដុល្លារអាមេរិក) ឬដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ។

ទោះបីជាចំនួនសរុបនៃគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសជប៉ុន មានការថយចុះក៏ដោយ។ ប៉ុន្តែគ្រោះថ្នាក់ដែលទាក់ទងនឹងកង់ កំពុងកើនឡើង ដោយនៅក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ដែលទាក់ទងនឹងកង់ មានច្រើនជាង ៧២ ០០០ករណី នៅប្រទេសជប៉ុន ដែលស្មើនឹង ២០% នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលបានកើតឡើងក្នុងឆ្នាំតែមួយ។

នៅឆមាសទីមួយ នៃឆ្នាំ២០២៤ គ្រោះថ្នាក់ដែលទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទដៃ ពេលកំពុងជិះកង់ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១៧នាក់ទៀត របួសធ្ងន់ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីប៉ូលិសជប៉ុន បានចាប់ផ្តើមរក្សាស្ថិតិក្នុងឆ្នាំ១៩៩៧ ។

ទិន្នន័យរបស់ប៉ូលិស បង្ហាញថា ចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥៤ករណី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃ ពេលជិះកង់ កើនឡើង ៥០% ធៀបនឹងរយៈពេល ៥ឆ្នាំមុន។

ប្រទេសជប៉ុន កំពុងព្យាយាមបង្កើតបទប្បញ្ញត្តិច្បាប់ថ្មី ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ ដោយឆ្នាំមុន រដ្ឋាភិបាល បានចេញច្បាប់តម្រូវឱ្យអ្នកជិះកង់ ពាក់មួកសុវត្ថិភាព ខណៈដែលនៅក្នុងខែឧសភា កន្លងទៅនេះ សភាជប៉ុន បានអនុម័តច្បាប់មួយ ដោយអនុញ្ញាតឱ្យប៉ូលិស ផាកពិន័យអ្នកជិះកង់ដែលបំពានច្បាប់ចរាចរណ៍៕

RELATED ARTICLES