Friday, November 8, 2024
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក សន្យាធ្វើរឿង៧ ពិសេសបញ្ចប់សង្គ្រាមអ៊ុយក្រែន

ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក សន្យាធ្វើរឿង៧ ពិសេសបញ្ចប់សង្គ្រាមអ៊ុយក្រែន

សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ដែលបានឈ្នះឆ្នោតប្រធានាធិបតីម្តងទៀត បានសន្យាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតថា គាត់បានសន្យាធ្វើកិច្ចការ ៧ចំណុច ក្នុងនោះមានផ្នែកអន្តោប្រវេសន៍ សេដ្ឋកិច្ច និងជាពិសេសគឺបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

គោលនយោបាយរបស់លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រពីសភា បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភា ឡើងវិញ  ខណៈដែលនៅក្នុងសភាតំណាងរាស្ត្រ មានសំឡេងភាគច្រើនផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នៃជ័យជម្នះការបោះឆ្នោត លោកត្រាំ បញ្ជាក់ថា “ការសន្យា គឺជាការសន្យា។ យើងនឹងរក្សាការសន្យារបស់យើង”។

ខាងក្រោមនេះ ជាកិច្ចការសំខាន់ ៧ចំណុច ដែលលោកដូណាល់ ត្រាំ (Donald Trump) បានសន្យាថា គាត់នឹងធ្វើ នៅពេលឡើងកាន់តំណែងប្រធានាធិបតីម្តងទៀត ៖

១- ចាត់ការជនអន្តោប្រវេសន៍ខុសច្បាប់ ៖

ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកត្រាំ បានសន្យាថា នឹងចាត់ការរឿងជនអន្តោប្រវេសន៍ខុសច្បាប់ ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនឹងសង់ជញ្ជាំង ឬរបងនៅព្រំដែនម៉ិកស៊ិក ដែលគាត់បានចាប់ផ្តើមធ្វើក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ជាប្រធានាធិបតីនោះ ឲ្យបញ្ចប់រួចរាល់។

លោកត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងចំនួនជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែន ភាគខាងត្បូងរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន (Joe Biden)  ប៉ុន្តែលោកត្រាំ បានប្រើប្រាស់ចំណុចនេះ ដើម្បីវាយប្រហារលោក បៃដិន និងលោកស្រីកាម៉ាឡា ហាររីស (Kamala Harri) ប្រកបដោយប្រសិទ្ធភាព។

អ្នកជំនាញ បានបញ្ជាក់ដូច្នេះ ការបណ្តេញជនអន្តោប្រវេសន៍ ដែលលោកត្រាំ បានសន្យា វានឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ និងការដឹកជញ្ជូនជាច្រើនទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋ អាមេរិក។

២- បញ្ហាសេដ្ឋកិច្ច ពន្ធ និងរបាំងពន្ធ ៖

ទិន្នន័យចេញពីការបោះឆ្នោត បង្ហាញថា សេដ្ឋកិច្ច គឺជាបញ្ហាចម្បងដែលអ្នកបោះឆ្នោត ប្រើដើម្បីសម្រេចថាតើអ្នកណានឹងត្រូវបានជ្រើសរើសជាអ្នកដឹកនាំប្រទេសបន្ទាប់? លោកត្រាំ ធ្លាប់បានសន្យាថា នឹងបញ្ចប់ការកើន ឡើងនៃអតិផរណា ឲ្យឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។

លោកត្រាំ ក៏បានសន្យាថា នឹងកាត់បន្ថយពន្ធលើប្រាក់ចំណូល បញ្ចប់ពន្ធសន្តិសុខសង្គម និងបញ្ឈប់ការប្រមូលពន្ធលើប្រាក់ចំណូលសាជីវកម្ម។ លោកត្រាំ ក៏ស្នើឱ្យកំណត់ពន្ធលើផលិតផលបរទេស ស្ទើរតែទាំងអស់ យ៉ាង ហោចណាស់ ១០% ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ទំនិញដែលនាំចូលពីប្រទេសចិន អាចប្រឈមនឹងពន្ធខ្ពស់ រហូតដល់ ៦០% ចំពេលមានការព្រមានពីអ្នកសេដ្ឋកិច្ចមួយចំនួនថា នឹងធ្វើឱ្យតម្លៃទំនិញកើនឡើងជំនួសវិញ។

៣- កាត់បន្ថយបទប្បញ្ញត្តិអាកាសធាតុ ៖

នៅពេលគាត់ធ្វើជាប្រធានាធិបតី ជាលើកដំបូង លោកត្រាំ បានលុបចោលវិធានការរាប់រយដែលធ្វើឡើងដើម្បីការពារបរិស្ថាន ហើយបានធ្វើឱ្យអាមេរិក ក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស ខណ:ដែលប្រទេសរាប់រយ បានចុះឈ្មោះដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី។

លើកនេះ លោកត្រាំ បានសន្យាថា គាត់នឹងកាត់បន្ថយបទប្បញ្ញត្តិអាកាសធាតុ ជាពិសេសវិធានការដែលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តរបស់អាមេរិក។ គាត់តែងតែវាយប្រហាររថយន្តអគ្គិសនី ហើយសន្យាថា នឹងដោះស្រាយវិធានការរបស់រដ្ឋបាលចូ បៃដិន ដើម្បីលើកទឹកចិត្ត។ លោកត្រាំ ក៏បានសន្យាថា នឹងបង្កើនការការពាររបស់សហរដ្ឋអាមេរិក សម្រាប់ហ្វូស៊ីលឥន្ធនៈផងដែរ។ លោកចង់បើកតំបន់មហាសមុទ្រអាកទិក សម្រាប់ការខួងយកប្រេង ដែលវាអាចបណ្តាលឱ្យតម្លៃថាមពលថោកជាងមុន។ ប៉ុន្តែអ្នកវិភាគនៅតែមានមន្ទិលថា តើវាពិតជាកាត់បន្ថយតម្លៃប្រេងមែនទេ? ជាជាងឱ្យទទួលយកយានជំនិះថាមពលស្អាត។

៤- បញ្ចប់សង្រ្គាមអ៊ុយក្រែន ៖

លោកត្រាំ បានរិះគន់រដ្ឋបាលលោកចូ បៃដិន ចំពោះការចំណាយរាប់សិបពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ គាត់បានសន្យាថា នឹងបញ្ចប់ជម្លោះនេះ ក្នុងរយៈពេល ២៤ម៉ោង តាមរយៈការចរចា។

លោកត្រាំ មិនបាននិយាយអំពីគំនិតរបស់គាត់ទេថា តើភាគីមួយណា គួរចុះចាញ់? ប៉ុន្តែអ្នកប្រជាធិបតេយ្យ និយាយថាអ្វីដែលលោកត្រាំ និយាយ វានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន នៃរុស្ស៊ី។

លោកត្រាំ  ចង់ឱ្យសហរដ្ឋអាមេរិក ដោះលែងពីការជាប់ពាក់ព័ន្ធក្នុងជម្លោះបរទេស នៅក្នុងរឿងរ៉ាវនៃសង្គ្រាមនៅហ្គាហ្សា ដោយលោកធ្វើជាអ្នកគាំទ្រអ៊ីស្រាអែល ប៉ុន្តែលោកបានអំពាវនាវឲ្យពួកគេបញ្ចប់ប្រតិបត្តិការ និងសន្យាថា នឹងបញ្ចប់អំពើហិង្សានៅលីបង់។ ប៉ុន្តែមិនបង្ហាញថា ត្រូវធ្វើអ្វីទេ។

៥- មិនហាមឃាត់ការរំលូតកូន ៖

លោកត្រាំ បាននិយាយក្នុងអំឡុងពេលជជែកពិភាក្សាជាមួយលោកស្រី កាម៉ាឡា ហាររីស ( Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ថាលោកនឹងមិនចុះហត្ថលេខាលើច្បាប់ដែលនឹងហាមឃាត់ការរំលូតកូន នៅទូទាំងប្រទេសនោះទេ ហើយនឹងអនុញ្ញាតឱ្យរដ្ឋនីមួយៗ សម្រេចចិត្តលើច្បាប់របស់ខ្លួន។ នេះជាការប្រឆាំងនឹងការចង់បានរបស់អ្នកគាំទ្រគាត់មួយចំនួន។

ត្រលប់ទៅឆ្នាំ២០២២ តុលាការកំពូល ដែលក្នុងនោះពួកអភិរក្សនិយមកាន់កាប់ភាគច្រើន ចង់ឲ្យបញ្ញត្តិច្បាប់ពីមុនដែលត្រូវបានប្រើដើម្បីធានាសិទ្ធិរបស់ស្ត្រីក្នុងការរំលូតកូន ធ្វើឱ្យបញ្ហាសិទ្ធិរំលូតកូន ជាបញ្ហាចម្បងមួយដែលប្រជាជនអាមេរិក យកចិត្តទុកដាក់។

៦- លើកលែងទោសពលរដ្ឋដែលធ្វើកុបកម្មនៅអគាររដ្ឋសភា ថ្ងៃទី០៦ មករា ២០២១ ៖

លោកត្រាំ សន្យាថា នឹងដោះលែងអ្នកដែលត្រូវបានកាត់ទោសក្នុងអំឡុងពេលនៃការបះបោរដ៏ធំ។ នៅអគារ សភា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ចំនួនជាក់លាក់។ ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្រលោកត្រាំ ចូលក្នុងអគាររដ្ឋសភា ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតដែលលោកចូ បៃដិន (Joe Biden) ជាអ្នកឈ្នះនៅពេលនោះ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើន។ ចំណែកលោកត្រាំ ត្រូវបានគេចោទប្រកាន់ថា គឺជាអ្នកជំរុញឲ្យមានអំពើហិង្សានេះ។

៧- ដក Jack Smith ព្រះរាជអាជ្ញាពិសេសចេញ ៖

លោកត្រាំ បានប្រកាសថា លោកនឹងបណ្តេញលោក ជែក ស្មីត (Jack Smith) ចេញពីតំណែងក្នុងរយៈពេលពីរវិនាទី នៃការវិលត្រឡប់របស់លោក ទៅកាន់តំណែងប្រធានាធិបតីវិញ។

ជែក ស្មីត (Jack Smith) គឺជារដ្ឋអាជ្ញាជាន់ខ្ពស់ និងដឹកនាំការស៊ើបអង្កេត និងការកាត់ទោសលោកត្រាំ ប៉ុនប៉ងលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ ខណៈដែលលោកត្រាំ បានឆ្លើយតបថា គាត់គឺជាជនរងគ្រោះនៃការប្រមាញ់របស់លោកជែក ស្មីត។

លោកត្រាំ បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយអាចបន្តរហូតដល់ការកាត់ក្តី មិនធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតី។

ប្រសិនបើគ្មានអ្វីខុសទេ លោកត្រាំ នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូងបំផុត ដែលត្រូវបានតុលាការ រកឃើញថា មានពិរុទ្ធពីបទឧក្រិដ្ឋ បន្ទាប់ពីគាត់ត្រូវបានកាត់ទោសពីបទក្លែងបន្លំឯកសារអាជីវកម្ម៕

RELATED ARTICLES