Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិចូ បៃដិន អញ្ជើញដូណាល់ ត្រាំ  ទស្សនកិច្ចនៅសេតវិមាន

ចូ បៃដិន អញ្ជើញដូណាល់ ត្រាំ  ទស្សនកិច្ចនៅសេតវិមាន

សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន (Joe Biden) ប្រធានាធិបតីចាំផ្ទះ បានអញ្ជើញលោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោតថ្មី ឱ្យទៅបំពេញទស្សនកិច្ចនៅសេតវិមាន នៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការផ្ទេរអំណាចដោយសន្តិវិធី។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា នៅថ្ងៃសៅរ៍ ទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកស្រីខារីន ហ្សង់-ព្យែរ (Carine Jean-Pierre) លេខាធិការការិយាល័យសារព័ត៌មាន នៃសេតវិមាន សហរដ្ឋអាមេរិក បានបង្ហើបថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានអញ្ជើញលោកដូណាល់ ត្រាំ (Donald Trump) ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ទី៤៧ របស់សហរដ្ឋអាមេរិក ទៅទស្សនកិច្ចសេតវិមាន នៅម៉ោង ១១:០០នាទី ព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក)។ លោកស្រី បាននិយាយថា ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំនេះ នឹងត្រូវបង្ហាញនៅពេលក្រោយ។

មន្ត្រីសេតវិមាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា លោកស្រី មេឡានៀ ត្រាំ (Melania Trump) ភរិយាលោកដូណាល់ ត្រាំ ដែលជាស្ត្រីទីមួយ នាពេលអនាគត ក៏ត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចសេតវិមាន ដើម្បីជួបជាមួយលោកស្រី ជីល បៃដិន (Jill Biden) ភរិយាលោកចូ បៃដិន ផងដែរ តែមិនទាន់ច្បាស់ថា អ្នកទាំងពីរនឹងធ្វើអ្វីខ្លះនោះទេ។

នៅឆ្នាំ២០១៦ ស្ត្រីទីមួយ មិឆែល អូបាម៉ា (Michelle Obama) ភរិយាលោកបារ៉ាក់ អូបាម៉ា (Barack Obama)  បានអញ្ជើញលោកស្រីមេឡានៀ ត្រាំ ពិសាទឹកនៅក្នុងការិយាល័យ Oval ហើយបាននាំទៅទស្សនានិវេសនដ្ឋានឯកជន នៅក្នុងសេតវិមាន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានប្រពៃណីបែបនេះ ប្រធានាធិបតីដែលជិតផុតអាណត្តិ នឹងអញ្ជើញប្រធានា ធិបតីបន្ទាប់ មកទស្សនកិច្ចនៅសេតវិមាន បន្ទាប់ពីដឹងលទ្ធផលបោះឆ្នោត ដែលជាផ្នែកមួយនៃការផ្ទេរអំណាចដោយសន្តិវិធី។ ទោះបីជាយ៉ាងណា នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ លោកដូណាល់ ត្រាំ មិនបានអញ្ជើញលោកចូ បៃដិន ទេ ព្រោះគាត់មិនទទួលយកលទ្ធផលបោះឆ្នោត ហើយបានអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត។ លើសពីនេះទៅទៀត លោកត្រាំ មិនបានចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក ចូ បៃដិន នៅក្នុងខែ មករា ឆ្នាំ២០២១ នោះទេ ។ ប៉ុន្តែទោះបីជាបែបនេះក្តី លោកចូ បៃដិន មិនបានចាត់ទុកជាបញ្ហាធំនោះទេ ដោយលោកបានរៀបចំពិធីអញ្ជើញលោកត្រាំ មកទស្សនកិច្ចនៅសេតវិមាន បន្ទាប់ពីដឹងលទ្ធផលបោះឆ្នោតថា លោកត្រាំ ឈ្នះ ដែលជាផ្នែកមួយនៃការផ្ទេរអំណាចដោយសន្តិវិធី និងជាប្រពៃណីរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ៕

RELATED ARTICLES