វេណេស៊ុយអេឡា៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានឲ្យដឹងថាខ្លួននឹងបិទគេហទំព័រ CNN ដែលចេញផ្សាយជាភាសាអេស្ប៉ាញក្នុងប្រទេសខណៈដែលបណ្តាញព័ត៌មាននេះផ្សព្វផ្សាយមួលបង្កាច់ប្រទេសជាតិនិងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។
លោក Andres Eloy Mendes ប្រធានគណៈកម្មការទូរគមនាគមន៍ជាតិបានបង្ហើបនៅក្នុងកិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយថា យើងកំពុងសម្របសម្រួលរួចហើយជាមួយនិងប្រតិបត្តិករផ្តល់សេវាអ៊ីនធើរណេត ដើម្បីឲ្យបិទគេហទំព័រនោះ។
នៅថ្ងៃពុធនេះគណៈកម្មការខាងលើបានប្រកាសភ្លាមៗអំពីការបញ្ឈប់ជាបណ្តោះអាសន្ននូវផ្សព្វផ្សាយព័ត៌មានជាភាសាអេស្ប៉ាញរបស់សារព័ត៌មាន CNN ក្នុងប្រទេសវេណេស៊ុយអេឡា។
ជាមួយគ្នានេះដែរពុំមានកាលបរិច្ឆេទណាមួយដែលត្រូវបានផ្តល់ឲ្យក្នុងការបិទគេហទំព័រនេះឡើយ ប៉ុន្តែគណៈកម្មការទូរគមនាគមន៍ជាតិត្រូវបានជំរុញឲ្យមានការចូលរួមសកម្មភាពតាមរយៈរបាយការណ៍របស់ CNN ដែលចោទប្រកាន់លោកអនុប្រធានាធិបតី Tarek El Aissami មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងឆ្លងដែន ។
ជាងនេះទៅទៀតនោះគឺ CNN បានប្រព្រឹត្តនូវកំហុសឆ្គងក្នុងការគាំទ្រការនិយាយបរិហារកេរ្តិ៍របស់ខ្លួន ដែលរាប់បញ្ចូលការចោទប្រកាន់ថាក្រុមជួញដូរនេះបានលក់លិខិតឆ្លងដែនឲ្យជនជាតិអារ៉ាប់ចំនួន១៧៣ដែលជាប់ពាក់ព័ន្ធនិងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ដែលមានការយល់ព្រមពីសំណាក់លោក El Aissami ។ ករណីនេះបានកើតឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះឈ្មោះលោក El Aissami ក្នុងបញ្ជីខ្មៅដោយចោទប្រកាន់ថាជាឈ្មួញគ្រឿងញៀនកាលពីថ្ងៃច័ន្ទកន្លងមកនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា