សុីរី៖ រដ្ឋាភិបាលស៊ីរីបានអំពាវនាវឲ្យតួកគីដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរបស់ខ្លួនហើយបិទព្រំដែនតួកគី-ស៊ីរីដែលមានលំហូរនៃក្រុមភេរវករ។
លោក Bashar al-Ja afari ប្រមុខគណៈប្រតិភូរដ្ឋាភិបាលស៊ីរីក្នុងការចរចាសន្តិភាពក្នុងទីក្រុង Astana បានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថារដ្ឋាភិបាលតួកគីគួរតែដកកងទ័ពរបស់ខ្លួនចេញពីទឹកដីស៊ីរី ។
លោកបានថ្លែងថាតួកគីទទួលខុសត្រូវចំពោះការរំលោភអធិបតេយ្យភាពស៊ីរី អាជ្ញាធរតួកគីត្រូវតែបិទព្រំដែនដែលនាំឲ្យមានការហូរចូលនៃក្រុមភេរវករក្នុងប្រទេសស៊ីរី ។
លោក Bashar al-Ja’afari បានកត់សម្គាល់ថារដ្ឋាភិបាលតួកគីទទួលខុសត្រូវចំពោះសុវត្ថិភាពតាមព្រំដែន៩១០គីឡូម៉ែត្រដែលជាប់ជាមួយស៊ីរី ។ ទន្ទឹមនិងនេះតួកគីបែរជាមិនទទួលខុសត្រូវ ហើយជំទាស់រឹងរូសចំពោះករណីនេះដែលនាំឲ្យមានការហូរចូលនៃទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកនៅតាមព្រំដែនរបស់យើង។
លោកក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលស៊ីរីនឹងសិក្សាអំពីឯកសារនៅក្នុងការចរចាលើការបង្កើតនូវក្រុមប្រតិបត្តិការត្រីភាគីសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ជាមួយនិងការចូលរួមរបស់រុស្ស៊ី តួកគី និងអ៊ីរ៉ង់ហើយនឹងសង្កត់ធ្ងន់អំពីតំណែងរបស់ខ្លួននៅពេលក្រោយ ។
យោងតាមប្រមុខគណៈប្រតិភូរដ្ឋាភិបាលស៊ីរី សន្និសិទក្រុងហ្សឺណែវគួរតែយកមកពិចារណាគ្រប់លទ្ធផលទាំងអស់ក៏ដូចជាដំណោះស្រាយនៃការចរចាក្នុងទីក្រុង Astana ជាដើម។ មួយវិញទៀតសន្និសិទនេះគួរតែយកមកថ្លឹងថ្លែងគ្រប់លទ្ធផលនិងដំណោះស្រាយទាំងអស់នៅក្នុងកិច្ចចរចាសន្តិភាពក្រុង Astana លើកទី១ ទី២ ដូច្នេះពួកគេអាចប្រែក្លាយជាមូលដ្ឋានសម្រាប់អនុវត្តនៅក្នុងកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវនាពេលខាងមុខ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា