Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋាភិបាលសុីរី ​ស្នើឲ្យ​តួកគី​ ដកកងទ័ពចេញ ហើយបិទព្រំដែន

រដ្ឋាភិបាលសុីរី ​ស្នើឲ្យ​តួកគី​ ដកកងទ័ពចេញ ហើយបិទព្រំដែន

សុីរី៖ រដ្ឋាភិបាល​ស៊ីរី​បានអំពាវនាវ​ឲ្យ​តួកគី​ដកកងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​របស់​ខ្លួន​ហើយ​បិទ​ព្រំដែន​តួកគី​-ស៊ីរី​ដែល​មា​ន​លំហូរ​នៃ​ក្រុមភេរវករ​។

លោក Bashar al-Ja afari ប្រមុខ​គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ីរីក្នុងការ​ចរចា​សន្តិភាព​ក្នុង​ទីក្រុង Astana បានឲ្យ​ដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថា​រដ្ឋាភិបាល​តួកគី​គួរតែ​ដក​កងទ័ពរបស់ខ្លួន​ចេញពី​ទឹកដី​ស៊ីរី​ ។

លោកបាន​ថ្លែងថា​តួកគីទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​អធិបតេយ្យភាព​ស៊ីរី​ អាជ្ញាធរ​តួកគី​ត្រូវតែ​បិទ​ព្រំដែន​​ដែល​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​នៃ​ក្រុមភេរវករ​ក្នុង​ប្រទេស​ស៊ីរី ។

លោក Bashar al-Ja’afari បាន​កត់សម្គាល់ថា​រដ្ឋាភិបាល​តួកគី​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​តាមព្រំដែន​៩១០គីឡូម៉ែត្រ​ដែលជាប់ជាមួយ​ស៊ីរី ​។ ទន្ទឹមនិ​ង​នេះ​តួកគីបែរជា​មិន​ទទួលខុសត្រូវ​ ហើយ​ជំទាស់​រឹងរូស​ចំពោះ​ករណី​នេះ​ដែល​នាំឲ្យ​មាន​ការ​ហូរចូល​នៃ​ទាហាន​ស៊ីឈ្នួល​រាប់ពាន់នាក់​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើពិភពលោក​នៅតាម​ព្រំដែនរបស់យើង​។

លោកក៏បានបញ្ជាក់ផងដែរថា​រដ្ឋាភិបាល​​ស៊ីរី​នឹង​សិក្សា​អំពី​ឯកសារ​នៅក្នុង​ការ​ចរចា​លើការ​បង្កើត​នូវ​ក្រុមប្រតិបត្តិការ​ត្រីភាគី​សម្រាប់​ការ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​ជាមួយនិង​ការ​ចូល​រួម​របស់​រុស្ស៊ី​ តួកគី និង​អ៊ីរ៉ង់​ហើយ​នឹង​​សង្កត់ធ្ងន់​អំពី​តំណែង​របស់ខ្លួន​នៅពេលក្រោយ ។

យោងតាម​ប្រមុខ​គណៈ​ប្រតិភូ​​រដ្ឋាភិបាល​ស៊ីរី​ សន្និសិទ​ក្រុង​ហ្សឺណែវគួរតែ​យកមក​ពិចារណា​គ្រប់លទ្ធផល​ទាំងអស់ក៏ដូចជា​ដំណោះ​ស្រាយ​នៃការ​ចរចា​ក្នុង​ទីក្រុង​ Astana ជាដើម។​ មួយវិញទៀត​សន្និសិទនេះ​គួរតែ​យក​មកថ្លឹងថ្លែង​គ្រ​ប់​លទ្ធផលនិង​ដំណោះ​ស្រាយ​ទាំងអស់​​នៅក្នុង​កិច្ចចរចា​សន្តិភាព​ក្រុង​ Astana លើកទី១ ទី២ ដូច្នេះ​ពួកគេ​អាចប្រែក្លាយជា​មូលដ្ឋាន​សម្រាប់​អនុវត្ត​នៅក្នុង​កិច្ចប្រជុំ​ក្នុងទីក្រុងហ្សឺណែវនាពេលខាងមុខ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES