Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី-អ៊ុយក្រែន បា.../ញ់មីសស៊ីល វា---/យ ប្រហារគ្នាទៅវិញទៅមក

រុស្ស៊ី-អ៊ុយក្រែន បា…/ញ់មីសស៊ីល វា—/យ ប្រហារគ្នាទៅវិញទៅមក

រុស្ស៉ី-អ៊ុយក្រែន ៖ រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារគ្នាទៅវិញទៅមក តាមផ្លូវអាកាស ចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីក្រុងគៀវ បានប្រើមីសស៊ីលលោកខាងលិច វាយប្រហាររុស្ស៉ី ចំណែករុស្ស៊ី ក៏បានប្រើកាំជ្រួចមីសស៊ីលថ្មី វាយបកវិញយ៉ាងក្តៅគគុក។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយកាណ៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា នៅថ្ងៃចន្ទ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ( Volodymyr Zelensky) បាននិយាយថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារតាមផ្លូវអាកាស ជិត ១៥០០គ្រាប់ ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ទី២៤ ឃែវិច្ឆិកា ឆ្នាំ២០២៤ ចូលទៅក្នុងតំបន់ផ្សេងៗ ជាងពាក់កណ្តាលប្រទេសអ៊ុយក្រែន បណ្តាលឱ្យមនុស្សរងរបួសជាច្រើន។

លោក អូឡេហ៍ ស៊ីនេហ៊ូបូវ (Oleh Sinehubov) អភិបាលនៃតំបន់ខារគីវ (Kharkiv) របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីសស៊ីល S-400 ទៅលើទីក្រុងខារកូវ (Kharkov) បណ្តាលឱ្យមនុស្សយ៉ាងតិច ២៣នាក់ រងរបួស ។

ការិយាល័យសង្គ្រោះបន្ទាន់ ប្រចាំតំបន់អូសេសា (Odessa) បានរាយការណ៍ថា មានមនុស្ស ១០នាក់ រងរបួសក្នុងការវាយប្រហារដោយមីសស៊ីលរុស្ស៊ី ដែលបំផ្លាញអគារលំនៅឋាន សាលារៀន និងមជ្ឈមណ្ឌលកីឡា។មន្ត្រីអ៊ុយក្រែន ក៏បាននិយាយដែរថា ការវាយប្រហាររបស់រុស្សី ក៏បានធ្វើឲ្យមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅក្នុងតំបន់ខារសុន (Kherson) តំបន់ហ្សាប៉ូរីឆៀ (Zaporichia) ចំណែកនៅតំបន់ឆឺរនីហ៊ីវ (Chernihiv) រកឃើញអ្នករងរបួស ១នាក់ នៅកន្លែងនីមួយៗ។

ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែន បានបញ្ជាក់ថា ពួកគេបានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារឃ្លាំងប្រេងដ៏សំខាន់មួយ នៅក្នុងតំបន់កាលូហ្គា (Kaluga) ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ បានសម្រេច។ ប្រភពមួយ បានប្រាប់សារព័ត៌មានអ៊ុយក្រែន ថាការវាយប្រហារនេះបណ្តាលឱ្យមានការផ្ទុះជាច្រើន ហើយក៏មានភ្លើងឆេះផងដែរ។

យោធាអ៊ុយក្រែន ក៏បានអះអាងថា បានវាយប្រហារលើគោលដៅផ្សេងៗ នៅតំបន់ប៊្រីយ៉ានស្ក៍ (Bryansk) និងតំបន់ខឺស្ក៍ (Kursk) ក្បែរព្រំដែនផងដែរ។ ប៉ុន្តែមិនជាក់លាក់ថា តើគោលដៅនោះជាអ្វីទេ។

យោធារុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ អំពីការវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែអភិបាលតំបន់ កាលូហ្គា (Kaluga) លោកវ៉្លាឌីស្លាវ ឆាប់ឆា (Vladislav Chapcha) បាននិយាយថា បំណែកយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស បណ្តាលឱ្យមានអគ្គិភ័យនៅក្នុងតំបន់ឧស្សាហកម្ម ដោយពួកគេបានបំផ្លាញយន្តហោះគ្មានមនុស្សបើក សរុបចំនួន ៨គ្រឿង។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បានកើនឡើងបន្ថែមទៀត កាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ពក្រុងគៀវ (អ៊ុយក្រែន) បានប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក និងចក្រភពអង់គ្លេស វាយប្រហារលើកដំបូងនៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ២០២២ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ វាយប្រហារលើរុស្សី បាន។ ចំណែកខាងរុស្ស៊ី បានប្រើសមីសស៊ីលថ្មី បាញ់ទៅលើទីក្រុងឌីនីប្រូ (Dnipro) ប្រទេសអ៊ុយក្រែន រួមជាមួយនិងកាំជ្រួចនាវា ជាច្រើនគ្រាប់ ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលក្រុងគៀវ ដែលប្រើអាវុធលោកខាងលិច វាយប្រហារលើទឹកដីរបស់ខ្លួន៕

RELATED ARTICLES