Thursday, November 28, 2024
Homeព័ត៌មានជាតិផ្ទៃដីកម្ពុជា ១៨១ ៤៣៦គ.ម២ អ៊ុំ សំអាន ថាសម្តេចហ៊ុន ម៉ាណែត និយាយបោកពលរដ្ឋ

ផ្ទៃដីកម្ពុជា ១៨១ ៤៣៦គ.ម២ អ៊ុំ សំអាន ថាសម្តេចហ៊ុន ម៉ាណែត និយាយបោកពលរដ្ឋ

ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និយាយបោកប្រាស់ ភូតភរកុហកប្រជាពលរដ្ឋខ្មែរ ថាផ្ទៃដីកម្ពុជា កើនពី ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ដល់ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ។ 

លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថា កាលដែលសម្តេចហ៊ុន ម៉ាណែត និយាយថា ផ្ទៃដីកម្ពុជា កើនឡើងនោះ វាមិនអាចទៅរួចទេ គឺគ្រាន់តែជាការបោកប្រាស់ កុហកប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

លោកអ៊ុំ សំអាន បាននិយាយថា “បាទ! លោកហ៊ុន ម៉ាណែត និយាយថា ផ្ទៃដីខ្មែរយើងកើនឡើងហ្នឹង និយាយបោកប្រជាពលរដ្ឋហ្នឹង ។ ហ៊ុន សែន កាត់ទឹកដីខ្មែរយើង ទៅឲ្យយួន យ៉ាងច្រើន ហេតុអីបានជាផ្ទៃក្រឡាកើនឡើងនោះ? ដូច្នេះការនិយាយនេះ គឺជាការភូតភរទៅដល់ប្រជាពលរដ្ឋ ។ បើសិនជាលោកហ៊ុន សែន មិនបានកាត់ទឹកដីខ្មែរ ទៅឲ្យយួន អាហ្នឹងវាអាច ប៉ុន្តែកាត់ទឹកដីខ្មែរ ទៅឲ្យយួនហើយ បែរជាទឹកដីខ្មែរយើងកើនឡើងទៅវិញ វាមិនអាចទៅរួចនោះទេ គ្រាន់តែជាការបោកប្រាស់ កុហកប្រជាពលរដ្ឋតែប៉ុណ្ណោះឯង“ ។

សូមបញ្ជាក់ការលើកឡើងរបស់អតីតតំណាងរាស្រ្តបក្សប្រឆាំង លោកអ៊ុំ សំអាន ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ផ្ទៃក្រឡារបស់ប្រទេសកម្ពុជា មិនក្រោម ១៨១ ០៣៥គីឡូម៉ែត្រនោះទេ។ សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងថា តាមការវាស់វែងកាលពីឆ្នាំ២០១២ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា GPS ថ្មី បង្ហាញថា ផ្ទៃដីរបស់កម្ពុជា កើនឡើងដល់ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ ដែលមានន័យថា កើនជាង៣០០-៤០០គីឡូម៉ែត្រការ៉េ ដោយមិនទាន់រាប់ដីកោះផង ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំឃើញ! ក្រោយពីយើងវាស់វែង អាហ្នឹងយើងមិនទាន់រៀបចំរាប់ដីកោះដីអីផង ។ មានបងប្អូនខ្លះ ទៅសាក់លើខ្នង ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ។ មើលមានអ្នកសាក់ទេ? ប្រយ័ត្នត្រូវដូរណា! ព្រោះយើងគ្រាន់តែវាស់ ២០១២ ផ្ទៃក្រឡាដីរបស់យើងឡើង ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់រាប់កោះផង ។ មិនមែនបាត់ក្រោម ១៨១ ០៣៥គីឡូម៉ែត្រការ៉េទេ គ្រាន់តែយើងវាស់សាកល្បង ប្រើបច្ចេកវិជ្ជា GPS ថ្មី តាមអ្វីដែលយើងបានឯកភាពគ្នា មកដល់ម៉ោងនេះ មិនទាន់រាប់ដីកោះរបស់យើងផង នេះមាន ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ កើនជាង៣០០-៤០០គីឡូម៉ែត្រការ៉េទៅហើយ ។ អ៊ីចឹងអ្នកទៅសាក់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ បន្តិចចទៀត គួរតែទៅដូរទៅ ។ ចាំពេលយើងចរចាមិនឲ្យបាត់ក្រោម ១៨១ ០៣៥គីឡូម៉ែត្រ ហើយឯកសារនេះ អត់លាក់លៀមទេ សម្ដេចតេជោ បានបង្ហោះ ហើយកូពី រាប់ពាន់សន្លឹក ចែក ពេលដែលសម្ដេច បកស្រាយនៅសភា ៥ម៉ោងនោះ» ។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា «ខ្ញុំឃើញពេលគេរុញអា CLV-DTA ១៨១ ០៣៥ តែយើងមិនទាន់ប្រកាសជាផ្លូវការ ដោយសារយើងនៅចរចាព្រំដែនទឹក ព្រំដែនអីបន្ថែមទៀត មានកោះ មានអីផ្សេងៗជាច្រើន ដែលត្រូវស្អីៗ ។ អ៊ីចឹងគ្រាន់តែថា ២០១២ អ្វីដែលយើងចប់ពីឆ្នាំនោះ វាដល់ប៉ុណ្ណេះទៅហើយ វាលើស ១៨១ ០៣៥គីឡូម៉ែត្រការ៉េទៅហើយ ។ អានេះជាការពិតបងប្អូន ហើយគ្មានអីលាក់លៀមទេ ហើយសួរថា យើងចរចាបាន បោះបង្គោលបានប៉ុណ្ណឹង មានដែលទៅធ្វើស្អី វ៉ៃទូងស្គរតាមហ្វេសប៊ុក តតាំង អត់ទេ! យើងប្រកាន់អភិក្រមចាស់ទុំ គោលការណ៍ច្បាស់លាស់ ការពារបានដាច់ខាតនូវផលប្រយោជន៍ជាតិ អធិបតេយ្យ ទឹកដី ដោះស្រាយបញ្ហាដែលបន្សល់ទុករាប់រយឆ្នាំ ដើម្បីឲ្យចប់ ប្រកបដោយស្មារតីទទួលខុសត្រូវ មិនឲ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិរបស់យើង ធ្វើយ៉ាងណាផលប្រយោជន៍ជាតិរបស់យើងបានអតិបរមា ។ នេះជាគោលការណ៍របស់យើង ហើយមិនចាំបាច់ស្រែក ធ្វើមួយចំហៀង ប្រកាសឡូងៗតាមហ្វេសប៊ុក តាមអីនោះទេ“ ៕ កុលបុត្រ

RELATED ARTICLES