អូស្ត្រាលី ៖ ព្រឹទ្ធសភាអូស្ត្រាលី បានអនុម័តច្បាប់ ហាមកុមារដែលមានអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមផ្សេងៗ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ច្បាប់នេះ កំណត់ការផាកពិន័យលើក្រុមហ៊ុនសេវាកម្មដែលមិនគោរពតាម ជាមួយការផាកពិន័យរហូតដល់ ៥០លានដុល្លារអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអែនថូនី អាល់បាននេស (Anthony Albanese) បាននិយាយថា ច្បាប់នេះ គឺចាំបាច់ដើម្បីការពារយុវជន ពីគ្រោះថ្នាក់នៃបណ្តាញសង្គម។ នេះជាអ្វីដែលគ្រួសារជាច្រើនបានឯកភាព។ទោះជាយ៉ាងណា អ្នកប្រឆាំងនឹងច្បាប់នេះ បានចោទជាសំណួរថា តើការហាមឃាត់ នឹងដំណើរការយ៉ាងដូចម្តេច? ហើយតើវានឹងប៉ះពាល់ដល់ឯកជនភាព និងទំនាក់ទំនងសង្គមរបស់យុវជនដែរឬទេ? សំណួរទាំងនេះមិនទាន់មានចម្លើយនៅឡើយ។
នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសមួយ បានអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម របស់យុវជន។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងថា “នេះគឺជាបញ្ហាទូទាំងពិភពលោក ហើយយើងចង់ឱ្យក្មេងជំទង់អូស្ត្រាលី មានកុមារភាព។ យើងចង់បង្កើតសន្តិភាពផ្លូវចិត្ត សម្រាប់ឪពុកម្តាយ” ។
សេចក្តីព្រាងច្បាប់ហាមប្រាមកុមារអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គមនេះ ត្រូវបានអនុម័តដោយសភាតំណាង កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤ ដោយសំឡេងគាំត្រលើសលប់ ១០២ ទល់នឹង ១៣៕