អូស្ត្រាលី ៖ ប៉ូលិសអូស្ត្រាលី បានចាប់ខ្លួនជនសង្ស័យ ១៣នាក់ និងរឹបអូសបានគ្រឿងញៀន កូកាអ៊ីន ចំនួន២,៣ តោន ដែលជាកំណត់ត្រាដ៏ខ្ពស់មិនធ្លាប់មាន បន្ទាប់ពីទូកគួរឱ្យសង្ស័យមួយ ត្រូវបានរកឃើញចតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរឃ្វីនស៍ឡែនដ៍ (Queensland) ។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០២ ខែធ្នូ ឆ្នា២០២៤ ថា គ្រឿងញៀនជាង២តោននេះ ត្រូវបានដឹកចេញពីប្រទេសមួយ នៅអាមេរិកខាងត្បូង មានតម្លៃ ៧៦០លានដុល្លារអូស្ត្រាលី ហើយបើវាឈានដល់ទីផ្សារងងឹតអូស្ត្រាលី វាអាចត្រូវបានលក់ក្នុងតម្លៃរហូតដល់ ១១,៧ពាន់លានដុល្លារអូស្ត្រាលី។
ស្នងការប៉ូលិសសហព័ន្ធអូស្ត្រាលី លោក ស្តេហ្វែន ចេយ៍ (Stefan Jay) បាននិយាយថា ការចាប់ខ្លួននេះ ជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយខែ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមអ្នកជិះម៉ូតូ “Comancheros” គ្រោងនឹងដឹកជញ្ជូនគ្រឿងញៀន រាប់តោន ចូលទៅក្នុងប្រទេសអូស្ត្រាលី ពួកគេបានព្យាយាមដឹកជញ្ជូនកូកាអ៊ីន ចូលទៅក្នុងប្រទេសអូស្ត្រាលី តាមសមុទ្រ។
មានសេចក្តីរាយការណ៍ថា ក្រៅពីទូកទីមួយ ដែលខូច ត្រូវប៉ូលិសចាប់បាន ក៏មានទូកទីពីរ ដែលបានលិច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ធ្វើឲ្យជនសង្ស័យជាប់គាំងក្នុងសមុទ្រ អស់ជាច្រើនម៉ោង រហូតដល់សមត្ថកិច្ចឆ្មក់ចាប់ទូកនេសាទ និងរឹបអូសបានថ្នាំញៀន។ ប៉ុន្តែទូកមួយទៀត ស្ថិតក្នុងដែនទឹកអន្តរជាតិ មិនត្រូវបានរឹប អូសឡើយ។ ជនជាប់ចោទទាំងអស់ គឺជាជនស៊ីវិលអូស្ត្រាលី ដែលពីរនាក់ មានអាយុក្រោម ១៨ឆ្នាំ ហើយនឹងត្រូវប្រឈមមុខនឹងតុលាការ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
កន្លងមក ប៉ូលិសអូស្ត្រាលី បានបង្ក្រាប រឹបអូសបានកូកាអ៊ីន ច្រើនជាងមួយតោន ប៉ុន្តែការបង្ក្រាបបានលើកចុងក្រោយនេះ គឺជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងប្រទេសអូស្ត្រាលី៕