តំបន់មជ្ឈិមបូព៌ា៖ យោធាអ៊ីរ៉ាក់បានឲ្យដឹងថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរុលចូលនៅកាន់បរិវេណអាកាសយានដ្ឋានអន្តរជាតិមួយដែលស្ថិតនៅភាគខាងលិចក្រុងមូស៊ុល កាលពីថ្ងៃច័ន្ទ ស្របពេលកងទ័ពកំពុងវាយចូលកាន់តែកៀកនឹងក្រុងនេះក្នុងដំណាក់កាលថ្មីនៃការប្រយុទ្ធបញ្ចេញក្រុមអាយស៊ីសចេញ។
សេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានបញ្ជាក់ថានៅក្នុងតំបន់ភាគខាងត្បូងក្រុងមូស៊ុល កងកម្លាំងប៉ូលិសសហព័ន្ធនិងក្រុមប្រឆាំងភេរវកម្មបានវាយរំដោះយកភ្នំ Albu Saif ដែលជាទីតាំងភាគខាងត្បូងនៃអាកាសយានដ្ឋានក្រុងមូស៊ុល បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបណ្តាលឲ្យភាគច្រើនក្នុងចំណោមពួកជ្រុលនិយមទាំងនោះបានស្លាប់បាត់បង់ជីវិតហើយរថយន្តរបស់ពួកគេត្រូវបានកំទេចចោលទៀតផង។
ការវាយដណ្តើមយកកូនភ្នំយុទ្ធសាស្ត្រនេះគឺមានសារសំខាន់សម្រាប់កងទ័ពអ៊ីរ៉ាក់ខណៈដែលតំបន់នេះនឹងអំណោយផលដល់ទាហានក្នុងលទ្ធភាពនៃការវាយសម្រុកលើទីតាំងរបស់ក្រុមអាយស៊ីសនៅភាគខាងត្បូងនិងខាងក្នុងព្រលានយន្តហោះនោះ ។
ចំណែកនៅភាគនិរតីក្រុងមូស៊ុល កងពលរថពាសដែកទី៩របស់ទាហាននិងក្រុមប្រតិបត្តិការពិសេសវាយដណ្តើមបានភូមិ Lazaga និង Sahaji បន្ទាប់ពីមានការប៉ះទង្គិចជាមួយនិងក្រុមជ្រុលនិយមអាយស៊ីស ដោយមានការសម្លាប់ពួកគេជាច្រើននិងបំផ្លាញរថយន្តបីគ្រឿងថែមទៀតផង ។
រីឯការវាយរុលទៅមុខរបស់កងទ័ពឆ្ពោះទៅកាន់ក្រុងមូស៊ុលនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសកាលពីថ្ងៃអាទិត្យចាប់ផ្តើមប្រយុទ្ធដើម្បីវាយបណ្តាញក្រុមអាយស៊ីសចេញពីផ្នែកខាងលិចក្រុង ។
គួររំលឹកថាក្រុងមូស៊ុលគឺស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពីរដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់ បានធ្លាក់ក្នុងដៃក្រុមអាយស៊ីសជាអ្នកគ្រប់គ្រងចាប់តាំងពីខែមិថុនាឆ្នាំ២០១៤ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានបោះបង់អាវុធរបស់ពួកគេនិងភៀសខ្លួនចេញ ដែលទុកឱកាសឲ្យក្រុមនេះត្រួតត្រាតំបន់ភាគខាងលិចនិងខាងជើងរបស់អ៊ីរ៉ាក់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា