ម៉ុងហ្គោលី៖ រដ្ឋាភិបាលម៉ុងហ្គោលីបានអះអាងជាថ្មីម្តងទៀតចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគោលនយោបាយចិនតែមួយ កាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោល បន្ទាប់ពីទំនាក់ទំនងទ្វេភាគីត្រូវបានរំខានតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃដាឡៃឡាម៉ា មកកាន់ប្រទេសគ្មានដែនសមុទ្រមួយនេះកាលពីខែវិច្ឆិកាឆ្នាំទៅ។
ប្រមុខការទូតម៉ុងហ្គោលីលោក Tsend Munkh-Orgil បានថ្លែងក្នុងរដ្ឋធានីប៉េកាំងថាទំនាក់ទំនងដែលមានគោលជំហរដ៏វែងឆ្ងាយ ឋិតថេរ ក៏ដូចជាស្មើមុខមាត់គ្នានិងរក្សាគុណប្រយោជន៍ទៅវិញទៅមកជាមួយនិងចិនគឺគោលដៅនៃគោលនយោបាយការបរទេសជាបឋមរបស់ម៉ុងហ្គោលី ។
ថ្លែងនៅក្នុងសន្និសិទកាសែតរួមមួយជាមួយនិងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេល២ម៉ោងលោក Munkh-Orgil បានថ្លែងថាទីបេគឺជាផ្នែកមួយរបស់ចិនដែលមិនអាចបំបែកបានហើយបញ្ហាដែលពាក់ព័ន្ធនិងទីបេគឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ។
ម៉ុងហ្គោលីបានខិតខំប្រឹងប្រែងប៉ះប៉ូវនូវទំនាក់ទំនងជាមួយចិនហើយថែមទាំងបានសន្យាថាខ្លួននឹងគ្មានផ្លូវអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ាមកកាន់ទឹកដីម៉ុងហ្គោលីឡើយ ។
ជាមួយនិងការសាទរនៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលីប្រមុខការទូតចិនលោក វ៉ាង បានថ្លែងថាវាគឺជារឿងសំខាន់បំផុតសម្រាប់ប្រទេសទាំងពីរក្នុងការលើកស្ទួយទំនាក់ទំនងពីចំណុចចាប់ផ្តើមថ្មីមួយ។
ទោះជាយ៉ាងណាលោក Munkh-Orgil ក៏បានថ្លែងអំណរគុណដល់ចិនចំពោះ ការគាំទ្ររបស់ខ្លួនក្នុងអំឡុងពេលដែលម៉ុងហ្គោលី ជួបផលលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា