តំបន់អាហ្វ្រិក៖ កងទ័ពស៊ូដង់ប្រកាសកាលពីថ្ងៃអង្គារថាខ្លួនបានវាយបណ្តេញក្រុមឧទ្ទាមដែលប៉ះបោរប្រឆាំងនិងតំបន់ Al-Mashayesh ដែលបានសម្លាប់ទាហានរដ្ឋាភិបាលម្នាក់និងរបួស១០នាក់ ។
អ្នកនាំពាក្យកងទ័ពស៊ូដង់លោក Ahmed Khalifa Al-Shami បានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថា កងកម្លាំងរបស់ក្រុមឧទ្ទាមឬក្រុមចលនារំដោះប្រជាជនស៊ូដង់ បានវាយប្រហារមកលើប៉ុស្តិ៍យោធាមួយកន្លែងរបស់យើងក្នុងតំបន់ Al-Mashayesh ហើយកងកម្លាំងយើងបានវាយបណ្តេញក្រុមបះបោរនេះចេញពីកន្លែងផ្ទុះអាវុធដាក់គ្នានោះតែម្តង ។
ម្នាក់ក្នុងចំណោមទាហានរបស់យើងត្រូវបានសម្លាប់ហើយ១០នាក់ផ្សេងទៀតរងរបួស ។ លោកបានបន្ថែមថាតួលេខនៃការពាក់លីជីវិតក្នុងចំណោមឧក្រិដ្ឋជនគឺមានចំនួនត្រឹមត្រូវ តែយើងមិនទាន់បង្ហាញតួលេខជាក់លាក់នោះឡើយ ។
លោកចាត់ទុកថាការវាយប្រហារនេះគឺរំលោភបំពានលើបទឈប់បាញ់ដែលបានប្រកាសដោយរដ្ឋាភិបាលស៊ូដង់ ដោយលោកបញ្ជាក់ថាពួកឧទ្ទាមកំពុងប៉នប៉ងដាក់សម្ពាធមកលើរដ្ឋដោយការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនិងរដ្ឋាភិបាលដើម្បីនឹងថ្កោលទោសរដ្ឋាភិបាលនិងការលើកឡើងពីការរំលោភបទឈប់បាញ់។
លោកបន្តថាយើងបានអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានប្រកាស តែក្រុមឧទ្ទាមចុះតែរំលោភបំពានវាម្តងហើយម្តងទៀត ។
គួររំលឹកថារដ្ឋាភិបាលស៊ូដង់បាននិងកំពុងប្រយុទ្ធជាមួយនិងក្រុមឧទ្ទាមខាងលើនេះនៅតំបន់ South Kordofan និងរដ្ឋ Blue Nile ចាប់តាំងពីឆ្នាំ២០១១ និងក្រុមប្រដាប់អាវុធក្នុងតំបន់ Darfur តាំងពីឆ្នាំ២០០៣មកម្ល៉េះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា