Tuesday, February 11, 2025
Homeតារាខ្មែរហេង ប៊ុនលាភៈ ត្រៀមទៅអាមេរិក

ហេង ប៊ុនលាភៈ ត្រៀមទៅអាមេរិក

ភ្នំពេញ៖លោកហេង ប៊ុនលាភ បានអះអាងថាលោកនឹងត្រៀមចេញច្រៀងសម្ដែងនៅ​សហរដ្ឋ​អាមេរិករយៈពេល១០ទៅ១២ថ្ងៃនៅអំឡុងខែ៤ ឬខែ៥ ខាងមុខនេះ បន្ទាប់ពីលោកបានទៅ​ច្រៀង​សម្ដែងនៅបារាំង១ខែជាមួយលោកសាយ សៀរ៉ា និងកញ្ញា អ៊ឹង និមល កាលពីខែ១០ និង១១ ឆ្នាំ២០២៤ ។ លោកប៊ុនលាភ ថាការទៅអាមេរិកលើកនេះលោកទៅតែម្នាក់ឯង ហើយ​មូល​ហេតុដែលទៅតិចថ្ងៃដោយសារតែលោកមិនអាចសុំច្បាប់ការងាររដ្ឋបានយូថ្ងៃនោះទេ ។អតីត​តារាចម្រៀងSSB រូបនេះបន្ថែមថាជាទូទៅលោកចេញទៅអា​មេរិក១​ឆ្នាំម្ដង គឺទើបតែ​រយាលៗអំឡុងផ្ទុះកូវីដប៉ុណ្ណោះ ក្រៅពីនេះលោកទៅរៀងរាល់​ឆ្នាំនៅរយៈ​ពេល​ជាង១០ឆ្នាំ​ចុងក្រោយនេះ។

 ទាក់ទងការងារសិល្បៈនាពេលបច្ចុប្បន្នវិញលោកហេង ប៊ុនលាភ បានឲ្យដឹងថាលោក​ផ្ដោតលើសិល្បៈ៦០% ការងាររដ្ឋ៤០% ហើយលោកនៅតែបន្ដចេញថតរឿងខ្លីៗ ស្ពត និងខារ៉ា​អូខេជាធម្មតា ។លោកថាដោយសារតែមានដុង និងនិស័្សយពីសិល្បៈ ព្រមទាំងបានតស៊ូ​ជា​ច្រើន​​ឆ្នាំមកហើយនោះលោកប្ដេជ្ញាថានឹងបន្ដអាជីពសិល្បៈរហូតដល់ថ្ងៃស្លាប់តែម្ដង ឲ្យតែ​ទស្សនិកជននៅមានការគាំទ្រ ពោលគឺលោកមិនអាចចោលសិល្បៈបានជាដាច់ខាត ។

 គួររំលឹកថាលោកហេង ប៊ុនលាភ អតីតតារាចម្រៀងSSB ល្បីបទ«ទឹកភ្នែកស្វាមី ស្រីឡង់សេ» ដែលពេលនេះលោកមានអាយុ៤៧ឆ្នាំ និងមានកូន៣នាក់(ស្រី១) ។លោកថា​ក្នុងចំណោមកូនទាំង៣របស់លោកគ្មានអ្នកណាម្នាក់ចង់លេងសិល្បៈនោះទេ បើទោះជា​លោក​ធ្លាប់សាកសួរពួកគេពីរឿងនេះក្ដី ដោយគេម្នាក់ៗចង់ធ្វើជំនួញវិញ។ចំណែករូបលោក​វិញមានតែសម្របខ្លួនតាមកូនៗមិនបង្ខំគេទេ ខណៈពេលនេះលោកថតផង ធ្វើការងាររដ្ឋផង ។

សូមបញ្ជាក់ថាលោកហេង ប៊ុនលាភ ធ្លាប់ចាប់ដៃគ្នាជាមួយលោកហ្វៃ សំអាង ធ្វើការ​ងារ​សិល្បៈ​យ៉ាងសកម្​មអំឡុងអ្នកទាំងពីរនៅផលិតកម្មSSB ប៉ុន្ដែថ្មីៗនេះនៅពេលលោក​សំអាង ចេញថត​ភាពយន្ដខ្នាតធំរឿង«អប្សរា មហាអង្គរ » លោកប៊ុនលាភ បែជាអាកខានថត​សម្ដែងរឿង​នោះ​ទៅ​វិញ។

តារាកូន៣រូបនេះបានឲ្យដឹងថាតាមពិតលោកហ្វៃ សំអាង ហៅលោកថតរឿងចុង​ក្រោ​យ​ដែលគាត់ផលិតដែរ តែដោយសារតែរឿងនោះមានប្លង់ថតនៅតាមខេត្ត​ភាគច្រើនមិនចំ​កន្លង​ដែលលោកត្រូវទៅធ្វើការទើបអាកខាន ។លោកប៊ុនលាភ ក៍សម្ដែងការសោក​ស្ដាយ​ដែល​មិនបានចាប់ដៃធ្វើការជាមួយលោកសំអាង ជាថ្មីនេះដែរដោយលោកអះអាងថា​ អ្នកដឹក​នាំ​សម្ដែងជើងចាស់រូបនេះតែងតែ​មានការសម្រិតសម្រាំង​បំផុត​ចំពោះប្លង់ថត ដូចជាសម្លៀក​បំពាក់តួ និងសាច់រឿងជាដើម ។ប៉ុន្ដែអតីតតារាSSB រូបនេះថា​ចំ​ពោះ​ការ​ថតរឿងខ្លីៗគឺ​លោក​នៅតែទទួលថតធម្មតា ។លោកប៊ុនលាភ ថែមទាំងអះអាងថាខ្លួនមិន​ចេះ​ប្រកាន់ការថត​ជាតួ​ឪពុក ឬជាតួរាយរងនោះទេ ព្រោះតាំងពីដើមមកលោកថាលោកជា​តារា​​មិនចេះប្រកាន់​ជីវិត​ជាតួឯកម្ដងណាឡើយ ។

 លោកហេង ប៊ុនលាភ សង្កត់ថា«ខ្ញុំតាំងពីដើមក មិនមែនចឬកតួឯកទេ ។តួឪ ឬតួអីក៍​ខ្ញុំលេងបាន​ដែរ ប៉ុន្ដែសំខាន់ឲ្យតែតម្លៃត្រូវគ្នា ខ្ញុំថតឲ្យហើយ» ៕

RELATED ARTICLES