តំបន់កាស្មៀ៖ ប្រភពផ្លូវការបានឲ្យដឹងថាស្រ្តីម្នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាមួយហើយយ៉ាងហោចណាស់មានកងទ័ពឥណ្ឌា៧នាក់រងរបួស ក្នុងនោះក៏មានអ្នករបួសធ្ងន់ផងដែរនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានឆ្មក់វាយប្រហារមកលើពួកគេក្នុងតំបន់កាស្មៀដែលត្រួតត្រាដោយឥណ្ឌា ។
ក្បួនរថយន្តកងទ័ពត្រូវបានឆ្មក់វាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅត្រង់ចំណុចភូមិ Moolu-Chitragam ក្នុងស្រុក Shopian ដែលនៅឆ្ងាយពីភាគខាងត្បូងក្រុង Srinagar រដ្ឋធានីរបស់កាស្មៀដែលត្រួតត្រាដោយឥណ្ឌាប្រមាណជា៥៦គីឡូម៉ែត្រ ។
អ្នកនាំពាក្យយោធាដែលមានមូលដ្ឋានក្នុងក្រុងខាងលើនេះបានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថា ក្រុមសកម្មប្រយុទ្ធកាលពីព្រឹកមិញនេះ(ថ្ងៃព្រហស្បត្តិ៍)បានបើកការវាយប្រហារមកលើក្បួនរថយន្តរបស់កងទ័ពក្នុងស្រុក Shopian ខណៈទាហានរបស់យើង៧នាក់ដែលអមដំណើរតាមក្បួននោះរងរបួស ។ អ្នករបួសទាំងអស់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរភ្លាមៗផងដែរ ហើយយើងនឹងចែករំលែកព័ត៌មានលម្អិតជុំវិញឧប្បត្តិហេតុនេះបន្ទាប់ពីទទួលបានពិស្តារ ។
ក្នុងរបាយការណ៍បានចេញផ្សាយថាការវាយប្រហារនោះបានកើតឡើងក្នុងរង្វង់ម៉ោង២និង០០នាទីព្រឹកក្នុងស្រុកនៅពេលដែលកងកម្លាំងបាននិងកំពុងធ្វើដំណើរវិលត្រឡប់មកពីបើកប្រតិបត្តិការប្រឆាំងនិងពួកគេសកម្មប្រយុទ្ធ ។
មន្ត្រីប៉ូលិសស្រុកកើតហេតុបានឲ្យដឹងថាក្បួនរថយន្តមួយនេះរងការវាយប្រហារមួយប៉ព្រិចភ្នែកនៅភូមិ Moolu-Chitragam ។ កងទ័ពបានវាយតបតទៅលើក្រុមនោះវិញ ធ្វើឲ្យពួកគេគេចខ្លួនក្នុងការប៉ះទង្គិចគ្នានោះដោយទាញយកផលពីស្ថានការណ៍ផ្ទៃមេឃងងឹត ។ យោងតាមប៉ូលិស ស្ត្រីម្នាក់ក៏ត្រូវបានសម្លាប់ផងដែរក្នុងអំឡុងពេលនៃការបាញ់ឆ្លងឆ្លើយគ្នានៅភូមិមួយ បន្ទាប់ពីគាត់រងគ្រោះដោយគ្រាប់កាំភ្លើងទម្លុះចោលក្នុងផ្ទះរបស់គាត់។
ចំណែកកងទ័ពដែលរងរបួសក៏រាប់បញ្ចូលមន្ត្រីពីរនាក់ក្នុងជួរកងទ័ព ។ សង្គ្រាមទ័ពព្រៃនេះកំពុងបន្តផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធនិងកងទ័ពឥណ្ឌាក្នុងតំបន់កាស្មៀដេលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ២៩៨៩ ។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានកើតឡើងនៅទូទាំងតំបន់នោះឥតឈប់ឈរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា