ភ្នំពេញ ៖ តារាចម្រៀង និងជាពិធីការិនី សុភ័ក្រ្ត កុសុម៉ា រួមនឹងក្រុមការងារតន្ត្រីរបស់នាង ចំនួន៥នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកើតមានអាការរាករូស និងក្អួតចង្អោរ ដោយសារពុលក្តាមប្រៃ ខណៈដែលនាងនិងក្រុមការងារ បានទទួលទាន ។ ជាមួយគ្នានេះ តារាចម្រៀងរូបនេះ បានស្នើឱ្យមហាជន មានការប្រុងប្រយ័ត្នចំពោះការទទួលទានក្តាមប្រៃ និងស្នើដល់អាជីវករលក់ក្តាមប្រៃ គួរមានការប្រុងប្រយ័ត្ននិងមានអនាម័យខ្ពស់ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ អ្នកនាង សុភ័ក្រ្ត កុសុម៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង បង្ហាញពីស្ថានភាពនាងនិងក្រុមការងារជាច្រើននាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីពួកនាងបានទទួលទានក្តាមប្រៃក្រឡុករួច ក៏ចាប់ផ្តើមមានអាការាករូស ក្អួតចង្អោរ វិលមុខ អស់កម្លាំង ថប់ដង្ហើម ក្តៅខ្លួន រហូតដល់ត្រូវចូលពេទ្យ មូលហេតុបណ្តាលមកពីពុលក្តាមប្រៃ ដោយសារការលាងសម្អាតមិនបានល្អ។

សុភ័ក្រ្ត កុសុម៉ា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របសើនាងថា “ដំបូងឡើយ នាងខ្ញុំគិតថា មិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញ នាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោម ហើយចូលចិត្តញ៉ាំក្តាមប្រៃក្រឡុកល្បី ដោយសារតែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់ខ្ញុំ បានទិញក្តាមប្រៃ យកមកញ៉ាំជាមួយក្រុមការងារ ៤ម៉ោងក្រោយមក នាងខ្ញុំនិងប្អូនៗក្រុមការងារ ប្រហែល៥នាក់ បានធ្វើទុក្ខ រាក ក្អួត មិនក្រោម ១០ដង វិលមុខ អស់កម្លាំង ថប់ដង្ហើម ក្តៅខ្លួន បណ្តាលឱ្យចូលពេទ្យ វេលាម៉ោង ៤ទៀបភ្លឺ មូលហេតុ គឺពុលក្តាម ដោយការលាងសម្អាតមិនបានល្អ ពួកខ្ញុំចូលពេទ្យដល់ទៅ ២ដង ទើបធូរ…”។

សុភ័ក្រ្ត កុសុម៉ា បានបន្តថា “សំណេរមួយនេះ គ្រាន់តែចង់ឱ្យបងប្អូនមានការប្រុងប្រយ័ត្ន មុនញ៉ាំក្តាមប្រៃ កុំឱ្យមានបញ្ហាដូចក្រុមនាងខ្ញុំ នេះពួកខ្ញុំទៅពេទ្យទាន់ពេល មានលទ្ធភាពព្យាបាល ចុះបើមិនទាន់ ខ្វះថវិកា ឬមិនបានដឹងថាពុល តើពួកខ្ញុំនឹងទៅជាយ៉ាងណា?…”។

តារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះរូបនេះ បានបញ្ជាក់បន្ថែមថា “សរុបមក នាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួន សូមពង្រឹងជាមួយគុណភាព អនាម័យជាមុនសិន មុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភ សួរសុខទុក្ខក្រុមការងារនិងនាងខ្ញុំ ហើយក៏សូមអរគុណដល់ពេទ្យ ទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺ យ៉ាងដិតដល់…”៕