ចិន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់របស់ចិននឹងទស្សនកិច្ចនៅសហរដ្ឋអាមេរិកសប្តាហ៍នេះ ដែលជាលើកដំបូងហើយចាប់តាំងពីលោកប្រធានាធិបតីដូណាល់ ត្រាំ ចូលកាន់តំណែង។
ប្រភពដដែលបានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនថា សមាជិកក្រុមប្រឹក្សារដ្ឋលោក Yang Jiechi នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកថ្ងៃចន្ទនិងថ្ងៃអង្គារ ។ លោក Yang មានបុណ្យស័ក្តិធំជាងរដ្ឋមន្ត្រីការបរទេសរបស់ចិនទៅទៀត ។
ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងតាមរយៈការហៅទូរស័ព្ទរវាងលោក Yang និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលភាគីទាំងពីរបានអះអាងពីសារសំខាន់នៃការកសាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ។
លើសពីនេះវាគឺជាការបោះជំហានថ្មីមួយរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរក្នុងការព្យាយាមកែប្រែឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងបន្ទាប់ពីអ្វីៗចាប់ផ្តើមឡើងតាមរយៈជ័យជំនះនៃការបោះឆ្នោតរបស់លោកដូណាល់ ត្រាំ ។
លោកត្រាំបានធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំងកាលពីខែធ្នូដោយសារតែលោកសន្ទនាជាមួយនិងប្រធានាធិបតីកោះតៃវ៉ាន់ហើយថែមទាំងបានថ្លែងថាសហរដ្ឋអាមេរិកមិនគាំទ្រគោលនយោបាយចិនតែមួយ។
ក្រោយមកលោកដូណាល់ ត្រាំ បានយល់ព្រមគោរពតាមគោលនយោបាយចិនតែមួយតាមរយៈការសន្ទនាទូរស័ព្ទជាមួយនិងលោកស៊ី ដែលជាការលើកស្ទួយកម្រិតការទូតជាមួយក្រុងប៉េកាំង ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Yang នឹងស្របពេលជាមួយនិងខួបទី៤៥របស់លោកប្រធានាធិបតី Richard Nixon ដែលបានបំបែកនូវកំណត់ត្រាប្រវត្តិសាស្ត្រក្នុងការធ្វើទស្សនកិច្ចទៅកាន់ចិនក្នុងឆ្នាំ១៩៧២ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ក្រុងប៉េកាំងនិងវ៉ាស៊ីនតោនក្នុងការបង្កើតទំនាក់ទំនងផ្នែកការទូតក្នុងឆ្នាំ១៩៧៩ ។