សហរដ្ឋអាមេរិក ៖ យន្តហោះរបស់ក្រុមហ៊ុន Delta Air Lines បានឆាបឆេះ មុនពេលចេញដំណើរពីព្រលានយន្តហោះមួយ ក្នុងទីក្រុងអ័រឡែនដូ (Orlando) រដ្ឋផ្លរីដា (Florida) ដែលបណ្តាលឲ្យអ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ជាបន្ទាន់។

តាមប្រភពទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា អគ្គិភ័យបានឆាបឆេះម៉ាស៊ីនយន្តហោះ Delta Air Lines ជើងហោះហើរ (Flight) លេខ 1213 ខណៈដែលយន្តហោះកំពុងចតនៅលើផ្លូវរត់ មុនពេលចាកចេញពីទីក្រុង Orlando ទៅកាន់ទីក្រុងអាត្លង់តា (Atlanta) កាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះ Airbus A330 បានដឹកអ្នកដំណើរ ២៨២នាក់ មានអ្នកបម្រើលើយន្តហោះ ១០នាក់ និងអ្នកបើកបរ ២នាក់ ដោយបានចាត់វិធានការភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្តហោះ បន្ទាប់ពីមានអណ្តាតភ្លើងនៅជិតបំពង់ផ្សែងនៃម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនពីរ របស់យន្តហោះនោះ ហើយក៏បានបញ្ជាក់ថា មិនមានរបាយការណ៍នៃការរងរបួស ពីឧប ទ្ទវហេតុឆេះនេះទេ ដែលករណីនេះ បានកើតឡើងនៅលើយន្តហោះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Orlando ។

ក្រោយកើតហេតុ ក្រុមអ្នកបច្ចេកទេស បានធ្វើការត្រួតពិនិត្យយន្តហោះ ដើម្បីរកមូលហេតុនៃការឆាបឆេះនេះ៕
