តួកគី៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍កាលពីថ្ងៃអាទិត្យថាសំណង់កំពែងបេតុងដែលជារបងព្រំដែនខ័ណ្ឌចែកទឹកដីរវាងតួកគីនិងស៊ីរីត្រូវបានសាងសង់រួចរាល់ជាងពាក់កណ្តាលហើយ ។
យោងតាមលោក Ergun Turan ប្រធានទីភ្នាក់ងារលំនៅឋានរដ្ឋរបស់តួកគី ឲ្យដឹងថាកំពែងធ្វើពីបេតុងដែលលាតសន្ធឹងលើព្រំដែនជាមួយប្រទេសស៊ីរីចម្ងាយ២៩០គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ហើយ ។
តួកគីគ្រោងនឹងសាងសង់ជញ្ជាំងថ្មធ្វើពីបេតុងចម្ងាយ៥១១គីឡូម៉ែត្រតាមបណ្តោយខេត្តជាប់ព្រំដែនរបស់តួកគី។ សំណង់នេះស្ថិតក្នុងកិច្ចសហប្រតិបត្តិការដែលកំពុងកើតមានរវាងទីភ្នាក់ងារគ្រប់គ្រងសំណង់និងក្រសួងការពារជាតិនិងក្រសួងហិរញ្ញវត្ថុ ។
របាយការណ៍បានឲ្យដឹងថាដុំថ្មដែលគេដឹកយកមកធ្វើរបងព្រំដែននេះមានទម្ងន់៧តោន មានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៣ម៉ែត្រ ត្រូវបានគេលើកយកមកបន្ទុបជាមួយនិងខ្សែលួសកម្ពស់១ម៉ែត្រ ។
រដ្ឋមន្ត្រីការពារជាតិលោក Fikri Isik បានថ្លែងកាលពីខែវិច្ឆិកាថាសំណង់ធ្វើពីបេតុងដែលស្ថិតនៅបណ្តោយព្រំដែនតួកគី-ស៊ីរីនឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០១៧ នេះ ។
តួកគីថ្លែងថាការធ្វើរបងខ័ណ្ឌចែកគ្នានេះនឹងជួយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខព្រំដែនប្រឆាំងនិងយោធាឃឺតនិងពួកភេរវករដទៃទៀត ។ តួកគីមានព្រំដែនដែលខ័ណ្ឌចែកទឹកដីគ្នាជាមួយនិងស៊ីរី៩០០គីឡូម៉ែត្រត្រូវបានបិទក្នុងសង្គ្រាមស៊ីរីលចាប់តាំងពីឆ្នាំ២០១១ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា