ភ្នំពេញ ៖ ឃ្លាំងស្តុកគ្រឿងម៉ាស៊ីនត្រជាក់ ដែលម្ចាស់ចាក់សោទុកចោល ត្រូវបានអគ្គិភ័យឆេះដោយសារឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងមួយកន្លែង ស្ថិតនៅខាងក្រោយវត្តគល់ទទឹង តាមបណ្តោយផ្លូវបេតុង ដែលស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានដើរកាត់ចំណុចនោះ បានធុំក្លិនឈ្ងៀមឆេះជ័រ។ ខណៈនោះ ពួកគាត់ក៏រត់ទៅមើលពីចំហៀងឃ្លាំង តែមិនឃើញអ្វីឡើយ។ លុះដើរទៅមុខបានបន្តិច ស្រាប់តែឮសំឡេងផ្ទុះ ទើបបង្កការឆោឡោថា មានការទុស្សេខ្សែភ្លើង ចេញពីខាងក្នុងឃ្លាំង រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចេញរថយន្តមកពន្លត់ភ្លើង កុំឲ្យមានការរាលដាលកាន់តែខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាឱ្យលោកញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ ដឹកនាំកម្លាំង រួមជាមួយរថយន្តពន្លត់អគ្គិភ័យខណ្ឌច្បារអំពៅ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ការឆាបឆេះនេះ បានបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយនៃឃ្លាំងស្តុកគ្រឿងម៉ាស៊ីនត្រជាក់ ដោយឆេះអស់ក្រដាសឡាំងមួយចំនួនធំ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន៣គ្រឿង បាញ់ទឹករហូតដល់ភ្លើងបានរលត់ជាស្ថាពរ ដោយមិនបង្កឱ្យឆេះរាលដាលនោះឡើយ។

ជុំវិញហេតុការណ៍ខាងលើនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា មូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕
