ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូខេ ១កន្លែង យីហោ «ដឹឃ្វីន» ឃាត់ខ្លួនមនុស្សជិត ៦០នាក់ ព្រមទាំងដកហូតបានវត្ថុតាង គ្រឿងញៀន មួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចហាងខារ៉ាអូខេ «ដឹឃ្វីន» (The Queen) មានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិបង្ក្រាបខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង ញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនមនុស្សជិត ៦០នាក់ និងវត្ថុតាង មានគ្រឿងញៀនមួយចំនួនធំ និងបានរកឃើញថា ទីតាំងខារ៉ាអូខេនេះ មានលួចលាក់បើកល្បែងស៊ីសងល្មើសច្បាប់ថែមទៀតផង។

ប្រភពដដែលបន្តថា ក្នុងចំណោម ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនជិត៦០នាក់ រួមមាន ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន មានចំនួន១៦នាក់់ (ម្ចាស់ទីតាំងម្នាក់ បុគ្គលិកបម្រើការងារចំនួន១៣នាក់ និង២នាក់ ជាមុខ សញ្ញាជួញដូរគ្រឿងញៀន)។ ជនសង្ស័យទាំង១៦នាក់ ត្រូវបានចាប់បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ។

ដោយឡែកជនជាតិបរទេស ៦នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត និងមនុស្សចំនួន ៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

តាមបទបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី កាលពីកន្លងទៅ សម្រាប់ជនបរទេសទាំងឡាយណាដែលប្រព្រឹត្តបទ ល្មើសក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀន ត្រូវផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេស ហើយជនបរទេសដែលប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនបញ្ជូនទៅមណ្ឌលកែប្រែនោះទេ៕

