ខេត្តតាកែវ ៖ សាលមហោស្រពខេត្តតាកែវ ខណៈដែលពេលកំពុងរៀបចំពិធីប្រគល់សញ្ញាបត្រដល់សិស្សមជ្ឈមណ្ឌលភាសាអង់គ្លេស ប្រមាណជិត២០០នាក់ ស្រាប់តែកើតមានហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆេះចេញពីពិតាន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងសាល នាំគ្នារត់ចេញក្រៅ ចំណែកកម្មវិធី ត្រូវបានផ្អាក ហើយភ្លាមៗ កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែស្រោចស្រង់មិនបាន ដោយអគារសាលាមហោស្រពដែលមានអាយុកាលជិត៦០ឆ្នាំនេះ បានក្លាយជាចំណីភ្លើងអស់គ្មានសល់។

ហេតុការណ៍អគ្គិភ័យ ឆេះសាលមហោស្រពខេត្តតាកែវ នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ក្នុងសាលាមហោស្រព បានរៀបចំកម្មវិធី ដោយក្រុមហ៊ុនឯកជន ចែកសញ្ញាបត្រដល់សិស្សមជ្ឈមណ្ឌលភាសាអង់គ្លេស ប្រមាណជិត២០០នាក់ ស្រាប់តែឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆេះចេញពីក្នុងពិតាន ធ្វើឱ្យផ្អើលឆោឡោ ដល់សិស្សនាំគ្នារត់ចេញក្រៅ កម្មវិធីត្រូវបានផ្អាក ហើយកម្លាំងសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង មកអន្តរាគមន៍។

ករណីអគ្គិភ័យនេះដែរ មិនបង្កឱ្យអ្នកណារងរបួសនោះទេ គ្រាន់តែខូចខាតសាលមហោស្រព។
លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា មុនពេលកើតហេតុភ្លើងឆេះសាលមហោស្រពខេត្តនេះ គឺខាងមជ្ឈមណ្ឌលភាសាអង់គ្លេសអភិវឌ្ឍន៍បញ្ញា-IDEA ធ្វើកម្មវិធីប្រគល់សញ្ញា បត្រឱ្យកូនសិស្ស ជាង១៤០នាក់។ ខណៈពេលដែលកំពុងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរនោះ ស្រាប់តែមានភ្លើងឆាប់ឆេះចេញពីដំបូលខាងលើ នឹងបានធ្វើឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលត្រៀម ទទួលសញ្ញាបត្រ មានការភ្ញាក់ផ្អើលឆោឡោនឹងបានរត់ជាន់ជើងគ្នា ចេញមកខាងក្រៅ តែករណីនេះមិនបណ្តាលឱ្យមានគ្រោះ ថ្នាក់ដល់ លោកគ្រូអ្នកគ្រូ ឬសិស្សានុសិស្សដែលមកទទួលសញ្ញាបត្រណាម្នាក់ឡើយ។

លោកអធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ចំពោះការខូចខាត គឺអគ្គិភ័យបានឆេះបំផ្លាញសម្ភារៈទាំងស្រុងនៅក្នុងបរិវេណមហោស្រពខេត្តតាកែវ គឺនៅសល់តែកំណាត់មាត់ច្រកចូលពីខាងមុខតែប៉ុណ្ណោះ។
ដោយឡែក លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យពន្លត់អគ្គិភ័យខេត្ត បានឱ្យដឹងថា នៅក្នុងប្រតិ បត្តិការណ៍អន្តរាគមន៍ ពន្លត់ករណីអគ្គិភ័យខាងលើ គឺសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកទ្រាំង ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកត្រាំកក់ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោង ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ឡឥដ្ឋ ចំនួន១គ្រឿង។

តាមមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា សាលមហោស្រពខេត្តតាកែវ នេះ បានសាងសង់ឡើងអំឡុងឆ្នាំ១៩៦៨ រហូតមកដល់ឆ្នាំ២០២៥ នេះ គឺមានអាយុកាល ៥៧ឆ្នាំមកហើយ៕