ភ្នំពេញ ៖ រោងចក្រផលិតជ័រប្លាស្ទិក និងផលិតកែងស្បែកជើងប៉ាតា មួយកន្លែង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតធ្ងន់ និងបណ្តាលឱ្យកម្មករ ចំនួន៤នាក់ រងរបួស ក្នុងនោះរងរបួសធ្ងន់ ២នាក់ និងរងរបួសស្រាល ២នាក់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចរោងចក្រ តៃខា (ខេមបូឌា) ខបភើរេសិន Tiaca (Cambodia) Corporation ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពកម្មករបម្រើការងារនៅទីតាំងកើតហេតុ បានឱ្យដឹងថា រោងចក្រនេះ ផលិតជ័រប្លាស្ទិន និងផលិតកែងស្បែកជើងប៉ាតា ហើយខណៈកំពុងដំណើរការផលិត ស្រាប់តែផ្ទុះជញ្ជីងថ្លឹងទឹកថ្នាំ បណ្តាលឱ្យមានការឆាបឆេះឡើងតែម្តង។ ភ្លាមៗនោះ ពួកគេបានយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់ ទៅបាញ់ពន្លត់ដែរ ប៉ុន្តែពន្លត់មិនឈ្នះ ទើបរាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ខណៈនោះអាជ្ញាធរបានសុំជំនួយពីក្រុមអ្នកពន្លត់អគ្គិភ័យ ហើយមានរថ យន្តពន្លត់អគ្គិភ័យ នៅតាមបណ្តាអង្គភាពនគរបាល និងយោធា ព្រមទាំងក្រុមហ៊ុនឯកជននានា ចំនួន២៧ គ្រឿង បានចេញទៅអន្តរាគមន៍ពន្លត់ភ្លើង ដោយប្រើប្រាស់ទឹកអស់ចំនួន ១២រថយន្ត ស្មើនឹង៥២ម៉ែត្រគូប ទើបរលត់នៅវេលាម៉ោង ៩ព្រឹក ថ្ងៃដដែល។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យកម្មកររងរបួសចំនួន៤នាក់ ក្នុងនោះ២នាក់ របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ហើយអ្នករងរបួសធ្ងន់ ២នាក់ ត្រូវបានក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ និងអ្នករបួសស្រាល ២នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យសុខាកំបូល៕