Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះធ្វើរដ្ឋបាលតំបន់បុរីកីឡា ឃាត់ខ្លួន៤នាក់

ចុះធ្វើរដ្ឋបាលតំបន់បុរីកីឡា ឃាត់ខ្លួន៤នាក់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តការចុះចាត់វិធានការរដ្ឋបាល នៅចំណុចតំបន់អគារបុរីកីឡា ដោយបាននាំខ្លួនមនុស្សចំនួន៤នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

ការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោកថេង សុថុល អភិបាល ខណ្ឌ៧មករា និងដឹកនាំផ្ទាល់ដោយលោក ណុប ផា អភិបាលរងខណ្ឌ ដោយដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះធ្វើរដ្ឋបាល នៅតំបន់ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការ ទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋ ហើយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ ធ្វើតេស្តរកសារធាតុញៀន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ច ធ្វើការកែប្រែអប់រំបន្ត។

លោកណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោកអភិបាលខណ្ឌ បានបញ្ជាក់ប្រាប់ថា អាជ្ញាធរខណ្ឌ តែងបានយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាល ជាប់ជាប្រចាំ នៅតំបន់អគារបុរីកីឡានេះ ព្រោះតំបន់នេះជាតំបន់ភូមិ សាស្ត្រស្មុគស្មាញ ឧស្សហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួន ដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អគារមួយនេះ។

លោកណុប ផា បន្តថា បច្ចុប្បន្នភាពអនាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួន នៅតំបន់បុរីកីឡា មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងវិធានការរដ្ឋបាល លើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះ រហូតទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាការធានាបានសន្តិ សុខល្អជូនពលរដ្ឋ។

ប្រជាពលរដ្ឋ រស់នៅតំបន់បុរីកីឡា បានសម្តែងក្តីសប្បាយរីករាយនិងពេញចិត្តចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា ដែលតែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗដែលយកតំបន់អគារបុរីកីឡា ជាទីកន្លែងសម្រាប់ប្រព្រឹត្តបទល្មើស ឬប្រើប្រាសគ្រឿងញៀនជាដើម៕

RELATED ARTICLES