ភ្នំពេញ ៖ តារាសម្តែងភេទទី៣ ម៉ាដូណា បានបញ្ចេញនូវអារម្មណ៍ខឹងសម្បាជាថ្មី ទៅលើតារាកំប្លែងស្រី អ្នក នាងស្រេង សុកាន់ដា ហៅខ្ញុង ដែលជំពាក់បំណុលរបស់ខ្លួន ៥ម៉ឺនដុល្លារ មិនសង បែរជាយកលុយទៅទិញដី ទិញផ្ទះ ដាក់ឈ្មោះអ្នកផ្សេង ប៉ុន្តែខ្ញុង ជាកូនបំណុល បានចេញមុខឆ្លើយតបទាំងទឹកភ្នែកថា នាងទទួលស្គាល់ថា ពិតជាជំពាក់បំណុលគេច្រើនមែន ហើយពេលនេះនាងមិនមានលទ្ធភាពសង ដោយសាររកចំណូលសឹងតែសម្រាប់បង់ថ្លៃផ្ទះជួល មិនបានផង មានលុយឯណាទៅទិញដី ទិញផ្ទះ? ប៉ុន្តែយ៉ាងណា ខ្ញុង អះអាងថា សព្វថ្ងៃនាងកំពុងប្រឹងរកលុយ ដើម្បីសងបំណុល ឲ្យរួចទាំងអស់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ តារាសម្តែងភេទទី៣ ម៉ាដូណា បានបង្ហោះវីដេអូរបស់តារាកំប្លែងស្រី ល្បីជំពាក់បំណុលគេវ័ណ្ឌក អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលរៀបរាប់ពីស្ថានភាពផ្លូវចិត្តរបស់ខ្លួន នាពេលបច្ចុប្បន្ន ពិសេសក្រោយពីយល់សប្តិមិនល្អផ្ទួនៗ មានទាំងយល់សប្តិឃើញភ្លើងឆេះផ្ទះ និងបាក់ធ្មេញចេញឈាមទៀតផង ដោយភ្ជាប់ជាមួយសំណេរថា “បើយល់សប្តិឃើញបាក់ធ្មេញ ហូរឈាមខ្លួនឯង គេឲ្យដឹងថា នាង Srey Knhong ឯង គួរសងលុយគេផង លុយអញ ៥ម៉ឺនដុល្លារ និងលុយអ្នកផ្សេង ជាង១០នាក់ ទៀត គេឆាតមកសួរអញថា នាងឯងបានសងខ្លះទេ? តែនាងឯងអត់សងទាំងអស់ ហើយឆ្លើយបំផ្លើសការពិតថា រកសងគេគ្រប់គ្នា ទាំងមិនបានសង ហើយនិយាយសុទ្ធតែដាក់សម្ពាធ និងគេជិះជាន់ តែទុកលុយដើរទិញផ្ទះនិងដី ជាមួយប្តី អញដឹងរឿងហ្នឹងច្បាស់ណាស់ តែមិនដាក់ឈ្មោះខ្លួនឯង ឆ្លាតមែន។ បើប្តីវិញសុទ្ធតែធានាចេញសងជំនួសអញ តែថោកដូចនាងឯង គឺថាឆាតមិនឆ្លើយ អញថតឯកសារទុកទាំងអស់ ហើយអញចង់ដឹងមើល! ពេលអញបង្ហោះបែបនេះ តើនាងឯងនិងប្តី ទុកលុយប្តឹងអញ ឬក៏សងគ្រប់គ្នា? អាណិតដល់កូនៗដែលគ្នាមិនដឹងអីផង គ្នាខ្មាសគេណាស់ ដែលមានឪពុកម្តាយចរិតបែបនេះ សងលុយគេទៅ កុំឱ្យបាប មីនរក អានរកប្រេត! ត្រូវចាំ អញនឹងបង្ហោះរហូតដល់នាងឯង និងប្តី សងលុយអញ…”។


លោកម៉ាដូណា
ក្រោយពីឃើញសំណេររបស់ម៉ាដូណា ដូចខាងលើក នៅព្រលប់ថ្ងៃដដែលនោះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានចេញឃ្លីបវីដេអូមួយ ផ្ញើទៅកាន់ម្ចាស់បំណុល (ម៉ាដូណា) ភ្ជាប់ជាមួយសំណេរថា “សូមអគុណ និងសុំទោសដល់ម្ចាស់បំណុលគ្រប់គ្នា ដែលខ្ញុំមិនទាន់មានលទ្ធភាព តាមកំហឹងដែលបងប្អូនខឹង ចង់ជេរដៀលថា ផុសម៉េចក៏បាន ហើយក៏អគុណបងប្អូនអ្នកខម្មិន ទាំងដែលអ្នកខ្លះមិនដឹងរឿង មិនស្គាល់ខ្ញុំ ខំប្រឹងជេរដៀល ប្រមាថដែរ…”។

តាមរយៈវីដេអូ ឆ្លើយតបទៅម៉ាដូណា អ្នកនាងខ្ញុង បានរៀបរាប់ថា “ម៉ាដូណា ខ្ញុំដឹងថា ខ្ញុំខុស ខ្ញុំជំពាក់លុយម៉ាដូណា តែខ្ញុំអត់ទាន់មានលុយសងម៉ាដូណា ម៉ាដូណា ចង់ជេរ ចង់ថា ចង់បង្ហោះរូបខ្ញុំម៉េចក៏បាន ខ្ញុំអត់មានសិទ្ធិទៅតបត ឬមួយក៏បកស្រាយអីទេ ប៉ុន្តែពេលខ្លះ ខ្ញុំក៏រងនូវអយុត្តិធម៌ ដែលម៉ាដូណា និយាយថា ខ្ញុំមានលុយ មិនសងគេ យកលុយទៅទិញផ្ទះ ទិញដី ហើយមិនដាក់ឈ្មោះខ្លួនឯង ខ្ញុំឆ្លាត។ វាអយុត្តិធម៌សម្រាប់ខ្ញុំ ទាំងដែលរឿងមិនពិត បើខ្ញុំមានសមត្ថភាពទិញផ្ទះ ទិញដី ហើយមិនដាក់ឈ្មោះខ្លួនឯង មិនមែនមកទ្រាំនៅផ្ទះជួល។ ខ្ញុំជួលផ្ទះគេ រាល់ថ្ងៃនេះ ខ្ញុំលើសគេ ១អាទិត្យ គេពិន័យខ្ញុំ ៥០ដុល្លារ ថែមពីលើថ្លៃជួល។ ខ្ញុំពិបាករាល់ថ្ងៃនេះ ខ្ញុំពិបាកណាស់ ខ្ញុំទទួលស្គាល់ ខ្ញុំអត់ទាន់បានសងអ្នកណាទេ អំឡុងក្រោយមកនេះ ខ្ញុំរកអត់បានទេ ខ្ញុំបាក់ ទឹកចិត្ត ខ្ញុំរកអីអត់បាន ខ្ញុំអត់ខឹងទេ ម្ចាស់បំណុលគ្រប់រូប ចូលទៅខម្មិន ចង់ជេរ ចង់ថា ចង់ផុសខ្ញុំម៉េចក៏បានដែរ ខ្ញុំទទួលទាំងអស់ មានតែអ្នកជំពាក់បំណុលគេទេដែលយល់។ ប៉ុន្តែខ្ញុំសុំចិត្តអ្នកដែលអត់ដឹងរឿង គ្មានងាប់ទៅ យកទៅតាមទេ អ្នកអត់ដឹងរឿង ចូលទៅខម្មិនជេរប្រទេច ទាំងមិនដែលស្គាល់ខ្ញុំសោះ ប្រមាថជីវិតខ្ញុំ ប្រ មាថជីវិតកូនខ្ញុំ ទាំងដែលខ្ញុំកំពុងមានកូននៅក្នុងពោះទៀត។ បើវាជាកម្មរបស់ខ្ញុំៗទទួល ប៉ុន្តែកុំប្រមាថទាំងជីវិតកូន ជីវិតប្តីខ្ញុំ»។

អ្នកនាងខ្ញុង បន្តថា «ខ្ញុំស៊ូណាស់ ខ្ញុំប្រឹងណាស់ ខ្ញុំអត់មានគេចវេះទៅណាទេ ទោះបីថា មហាជនខ្លះ ធម្មតាទេ តែអ្នកជំពាក់បំណុលគេៗស្អប់ វាជារឿងធម្មតាទេ ទោះបីគេស្អប់ខ្ញុំ ដោយសារខ្ញុំជំពាក់បំណុលគេ ទាំងដែលអ្នកខ្លះគេអត់ដឹងរឿង គេជេរ គេថា ខ្ញុំអត់ដែលមាត់ មិនដែលតបតទេ ព្រោះខ្ញុំគ្មានសិទ្ធិក្នុងការបកស្រាយទេ កូនបំណុល និយាយអីក៏ខុសដែរ តែខ្ញុំសុំចិត្តអ្នកដែលមិនដឹងរឿង រៀនបើកចិត្តឱ្យទូលាយខ្លះទៅ ទុកផ្លូវឱ្យខ្ញុំរស់ខ្លះផង គ្រាន់ខ្ញុំបានមានដង្ហើមបានដក គ្រាន់បានរកលុយសងគេបន្ត បើងាកមកជាន់ៗ ងាកមកខម្មិនជេរប្រទេសផ្តាសា ខ្ញុំបាក់ទឹកចិត្ត ស្ទើរតែដេកនៅមួយកន្លែង ខ្ញុំស្ទើរតែ… ខ្ញុំអត់និយាយប្រមាថជីវិតខ្លួនឯងទេ ព្រោះតាំងពីដើមមក ខ្ញុំស៊ូ ខ្ញុំអត់ដែលចង់ងាប់ទេ ឬមួយក៏ចង់ឱ្យខ្ញុំដើរដល់ផ្លូវទាល់ហ្មង ទៅទាំងកូនក្នុងពោះហ្មង? ម៉េចក៏ប្រមាថជីវិតខ្ញុំម៉េះ? ខ្ញុំរកអត់បាន ខ្ញុំអត់ទាន់មានលទ្ធភាពសង តែខ្ញុំអត់មានគេចវេះទៅណាទេ រាល់ថ្ងៃខ្ញុំនៅផ្ទះជួល សូម្បីតែកូនខ្ញុំរៀន ក៏មិនបានរៀនសាលាល្អ សាលាថ្លៃឯណាដែរ បង់១ខែ រស់១ខែ បើអ្នកឯងមិនមែនជាខ្ញុំផង ដូចអ្នកខម្មិនមិនមែនជាខ្ញុំផង ហេតុអីក៏ដឹងពីខ្ញុំច្បាស់ម៉េះ? ខ្ញុំប្រាប់ហើយថា ផុសចុះ ធ្វើចុះ ធ្វើម៉េចខ្ញុំរក លុយសងអត់ទាន់ ខ្ញុំអត់លទ្ធភាពសង ខ្ញុំកំពុងតែស៊ូទៅមុខហើយ ខ្ញុំមិនមានលាក់លៀមទ្រព្យសម្បត្តិណាសេសសល់សូម្បីបន្តិចទេ បបួលខ្ញុំទៅស្បថដល់ព្រះអង្គដងកើ ឬមួយក៏វត្ថុស័ក្តិសិទ្ធិនៅកន្លែងណា ក៏ខ្ញុំទៅដែរ បើខ្ញុំមានទ្រព្យសេសសល់ ដែលខ្ញុំមាននៅនឹងខ្លួន រាល់ថ្ងៃ តែពេលខ្លះ យើងមិនអាចបក ស្រាយអីបាន ព្រោះខ្ញុំគ្រាន់តែជាកូនបំណុល ខ្ញុំសុំចិត្ត ទុកឱ្យខ្ញុំរស់ គ្រាន់បានរកលុយសងគេបន្តផង…”។ ទោះបីជាយ៉ាងណា ឆ្លើយតបការបកស្រាយរបស់ខ្ញុង ខាងលើនេះ តារាភេទទី៣ ម៉ាដូណា ជាម្ចាស់បំណុល បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ថា “ទោះនាងឯងមានលុយ ក៏មិនសងគេដែរ ហើយបើនាងឯងចង់ងាប់ ចាំអញគិតទៀត តើចូលបុណ្យក្នុងថ្លៃជំពាក់ប៉ុន្មាន និងនៅសល់ ឱ្យជំពាក់កម្មអញទៀត។ ហើយពពួកសិល្បៈគ្រប់រូប ត្រូវរៀននិយាយគោរពអាណាបង អាណាប្អូន កុំហៅឈ្មោះ ដោយគ្មានសុជីវធម៌ ហើយអញ share ឱ្យផេកនាងឡើងអ្នកមើលឱ្យច្រើន ដើម្បីឱ្យលក់ប្រហុក ផ្អក សាច់ ទឹក ឱ្យគេទិញច្រើនៗ ដើម្បីមានលុយទិញដី មិនបាច់សងគេ លក់ដាច់គ្រប់ពេល តែមិនសងលុយ…”៕