Wednesday, May 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចអាគុយឡាន លក់ចាយអស់ ជា.../ប់ខ្នោះ

លួចអាគុយឡាន លក់ចាយអស់ ជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពលួចអាគុយរថយន្តដែលគេចតលើចិញ្ចើមផ្លូវ រួចយកទៅលក់ បានលុយ ១២ម៉ឺនរៀល ចែកគ្នាចាយអស់ ត្រូវកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។

ករណីលួចអាគុយរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០ ២៥ ស្ថិតនៅ ចំណុចភូមិបត្តាជី០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះសឿន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ចំណែកបក្ខពួក ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួន។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-9477 និងម៉ាក SUZUKI Nex 2 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-5052)។ រីឯសម្ភារៈ បាត់បង់ អាគុយ ចំនួន២គ្រាប់។

ដោយឡែក ជនរងគ្រោះ មានឈ្មោះគី ទិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះបានបើករថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6232 មកទុកលើផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបត្តាជី០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ហើយក៏ចូលទៅកន្លែងធ្វើការបាត់។ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះ ក៏ដើរមកយករថយន្តវិញ ស្រាប់តែបាត់អាគុយ ចំនួន២គ្រាប់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ដើម្បីចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញសកម្មភាពជនសង្ស័យ មានបក្ខពួកចំនួន៣នាក់ និងម៉ូតូ ចំនួន២គ្រឿង បានធ្វើសកម្មភាពលួចយកអាគុយរថយន្តជនរងគ្រោះខាងលើ  រួចគេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការនគរ បាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកហូរ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ១នាក់ រួមជាមួយវត្ថុតាង យកមកធ្វើសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ចំនួន២នាក់ទៀតពិតជាបាននាំគ្នាធ្វើសកម្មភាពលួចអាគុយរថយន្តរបស់ជនរងគ្រោះ ចំនួន២គ្រាប់ យកទៅលក់ឱ្យអេតចាយ នៅសង្កាត់ព្រែកថ្លឹង បានប្រាក់ចំនួន១២ម៉ឺន ប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES