ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីជនជាតិចិនម្នាក់ បានសម្រេច រួចនាំគ្នារត់ទៅសម្ងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ ១កន្លែង លុះប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២៣នាទីព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខអគារយៀកថៃ តាមផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះធំ កោង ហៅធ្មេញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលឡាន ស្នាក់នៅមិនពិតប្រាកដ។ ទី២-ឈ្មោះសៀង កាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៣-ឈ្មោះសោភ័ណ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៤-ឈ្មោះពេជ្រ ដារ៉ា ហៅហាំ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង២៣នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខអគារយៀកថៃ តាមផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ មានករណីឆក់ទូរស័ព្ទ បង្កដោយជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ ចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីជាជនជាតិចិនម្នាក់ ដែលកំពុងដើរចុចទូរស័ព្ទនៅតាមផ្លូវ បានសម្រេច រួចនាំគ្នាជិះគេចខ្លួនបាត់អស់។
ប្រភពដដែល បន្តថា ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវតាមជំនាញ រហូតកំណត់បានមុខ សញ្ញា និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
បន្ទាប់មក នៅវេលាម៉ោង៤និង២២នាទីរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកវរសេ នីយ៍ឯក ញ៉ែម វ៉ន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចផ្ទះសំណាក់បឹងកក់រីករាយ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងបន្តឃាត់ខ្លួនបានជនសង្ស័យ ចំនួន០១នាក់ទៀត ត្រង់ចំណុចផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅបិទតែមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JI-4131 និងម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ផលិតឆ្នាំ២០២៥ គ្មានស្លាកលេខ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរ ស័ព្ទរបស់ស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងដើរចុចទូរស័ព្ទ នៅម្តុំមាត់ទន្លេ ខណ្ឌដូនពេញ ប្រាកដមែន។ ចំណែកទូរស័ព្ទដែលជនសង្ស័យទាំង៤ខាងលើ ឆក់បាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនឱ្យអ្នកតំ ណាងរបស់ជនរងគ្រោះវិញ។
ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕