ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់ បានកើតមានអាការក្តៅខ្លួន ឈឺក្បាល វិលមុខ និងចុកថប់ចុងដង្ហើម ទើបត្រូវបានម្តាយដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ស្រាប់តែក្រោយពីគ្រូពេទ្យ ដាក់សេរ៉ូម និងចាក់ថ្នាំរួចរាល់ កើតមានអាការក្អួតចង្អោរ និងចុកថប់ដង្ហើម កាន់តែខ្លាំង តែគ្រូពេទ្យមិនបញ្ជូនទៅកាន់មន្ទីរពេទ្យធំភ្លាមៗ បែរជាបន្តព្យាបាលរហូតដល់អាការកូនស្រីកាន់តែធ្ងន់ ទើបបញ្ជូនចេញ តែអកុសលកូនស្រីរបស់គាត់បានបាត់បង់ជីវិត ធ្វើឱ្យស្ត្រីជាម្តាយកើតទុក្ខមិនិសុខចិត្ត ក៏ដាក់ពាក្យប្តឹងគ្រូពេទ្យ ថាព្យាបាលធ្វេសប្រហែស និងមិនមានវិជ្ជាជីវៈ បណ្តាលឱ្យកូនស្រីរបស់ខ្លួនស្លាប់។

យុវតីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះសារ៉ាន់ ធីតាពិសី អាយុ១៧ឆ្នាំ មានលំនៅ ភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកមន្ទីរពេទ្យដែលរងការប្តឹងពីម្តាយយុវតីរងគ្រោះ មានយីហោ “ខេអេស កំពង់ស្ពឺ” មានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងដែលបានប្តឹងចូលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរការធំ ស្ត្រីឈ្មោះចៅ គឹមហ៊ន អាយុ៣៦ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់យុវតីរងគ្រោះ បានរៀបរាប់ថា មន្ទីរពេទ្យ “ខេអេស កំពង់ស្ពឺ” ដែលមានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឱ្យ កូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការដំបូងក្តៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។ នៅពេលទៅដល់ គ្រូពេទ្យ បូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូម មួយប្លោក ចាក់ថ្នាំត្រគាក មួយ ម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឱ្យលេបថ្នាំ។ មួយសន្ទុះក្រោយមក ក្អួតចេញមកវិញ ហើយនៅបន្តចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា មានទឹកដក់ក្នុងស្រោមបេះដូង និងរលាក សាច់ដុំបេះដូង។ ទើបគ្រូពេទ្យម្នាក់ទៀត មកប្រាប់ថា អាការធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ បាន។

ពាក្យបណ្តឹងដដែល បន្តថា ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា ថប់ៗ ពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែមានអាការមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើ បាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។ នៅពេលដែលគ្រូពេទ្យមកដល់ បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ តែនៅពេលឡើងលើរថយន្ត បែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម ១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង ១កន្លះក្រោយមក កូនស្រីរបស់ខ្លួន ឈ្មោះសារ៉ាន់ ធីតាពិសី បានបាត់បង់ជីវិត។
នៅក្នុងពាក្យបណ្តឹងខាងលើ ស្ត្រីឈ្មោះចៅ គឹមហ៊ន ដែលត្រូវជាម្តាយយុវតីរងគ្រោះ បានស្នើសុំស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់។

ជុំវិញការចោទប្រកាន់ខាងលើនេះ “នគរធំ” នៅមិនទាន់អាចសុំការបំភ្លឺពីតំណាងមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕