ភ្នំពេញ ៖ ករណីមន្ត្រីនគរបាលពាក់ស័ក្តិ៥ម្នាក់ បើករថយន្តទាំងស្រវឹង បុករះយានយន្ត៥គ្រឿង តាមផ្លូវព្រះនរោត្តម បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល ៥នាក់ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដោយរៀបចំកសាងសំណុំរឿង បញ្ជូនជនបង្កហេតុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីដោយគ្មានការយោគយល់ថាគ្នាឯងឡើយ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា តាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាល ០៥នាក់នោះ អ្នកបើក រថយន្តដែលជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

ប្រភពដដែល បានបញ្ជាក់បន្តថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងត្រង់ចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្បែរក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក Lexus RX-400h បុករះម៉ូតូកង់បី ចំនួន ០៣គ្រឿង ម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង។

រថយន្តម៉ាក Lexus RX-400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO-2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍នេះ បង្កឲ្យមានមនុស្សស្លាប់ ០១នាក់ រងរបួសធ្ងន់ ០២នាក់ និងរងរបួសស្រាល ០៣នាក់។ មូលហេតុគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត Lexus RX-400h បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹង មានអត្រាជាតិអាល់កុល 0.35mg/L ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវនរោត្តម ខាងមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្ត Lexus RX-400h បានបុករះម៉ូតូកង់បី ចំនួន៣គ្រឿង ម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿង ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ ស្លាប់នៅកន្លែងកើតហេតុ របួសធ្ងន់ ចំនួន២នាក់ និងរបួសស្រាល ចំនួន៣នាក់នោះ ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត Lexus RX-400h បង្កហេតុ ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា អ្នកបើកបររថយន្ត គឺជាមន្ត្រីនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយការបើកបររបស់គាត់ មានស្ថានភាពមិនប្រុងប្រយ័ត្ន ហើយបើកបរក្នុងកម្រិតជាតិអាល់កុល 0.35mg/L។ កិច្ចការងារនេះ តាមបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើការអនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់។

ដោយឡែក លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា ចំពោះករណីមន្ត្រីនគរបាលម្នាក់ បើកបររថយន្តទាំងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើននាក់នោះ ក្រសួងមហាផ្ទៃ នឹងធ្វើការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត ព្រោះកន្លងមក លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មិនថាមន្ត្រីនគបាល ឬអ្នកណាទេ ឱ្យតែបង្ក គ្រោះថ្នាក់ បណ្តាលឱ្យមនុស្សស្លាប់ គឺមិនត្រូវអត់ឱនជាដាច់ខាត គឺត្រូវតែអនុវត្តច្បាប់ ដោយស្មើភាព។

គួររំលឹកថា កាលពីវេលាម៉ោង១និង៥៨នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះយ៉ាងសាហាវមួយ បានកើតឡើង នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចឆៀងខាងត្បូងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីប៉ូលិសស័ក្តិ៥ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំងក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលទៅបុករះរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង និងម៉ូតូកង់បី ៣គ្រឿង សរុប៥គ្រឿង បណ្តាលឱ្យខូចខាតយ៉ាង ធ្ងន់ និងបង្កឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី ស្លាប់នៅនឹងកន្លែង។
អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះហ៊ុន ហេង អាយុ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិវរសេ នីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភ័ស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះរៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦០ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក អ្នករងរបួស មានចំនួន៥នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក Lexus RX-400h ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កហេតុ បានជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5129 ប៉ើងខ្ទាតជាច្រើនម៉ែត្រ រួចបន្តបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-0755 ហើយបន្តទៅបុកម៉ូតូកង់បី ១គ្រឿង ទៀត ម៉ាក BAJA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-6871 និងបន្តបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-8238 ហើយរថយន្តបង្កហេតុ បន្តទៅបុកបង្គោលដែក (របាំងការពារម៉ាស៊ីនភ្លើង) និងដើមឈើ ១ដើមទៀត ទើបរថយន្តទៅមុខលែងរួច។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់នេះ បានបណ្តាលឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី បានប៉ើងខ្ទាតចេញពីម៉ូតូកង់បី បែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលទ្រូងផ្លូវ និងបណ្តាលឱ្យមនុស្ស ៣នាក់ ទៀត រងរបួសធ្ងន់-ស្រាល។ ចំណែកសម្ភារៈ និងទ្រព្យ សម្បត្តិ ដែលរងការខូចខាត ចំនួន៥គ្រឿង រួមមាន រថយន្ត ២គ្រឿង (ទាំងរថយន្តបង្កហេតុ) ម៉ូតូ ១គ្រឿង (ដាច់ជា២កំណាត់ ខ្ទេចហ្មត់ទាំងស្រុង) និងម៉ូតូកង់បី ៣គ្រឿង។

ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្តបង្កហេតុ ដែលស្ថិតក្នុងសភាពស្រវឹងស្រាជោក បានចុះពីរថយន្ត ស្ទើរទប់ខ្លួនមិនជាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីសាកសួរ រួចបញ្ជូនបន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕