Sunday, May 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចូលលាង បុកអ្នកលាងឡានស្លា.../ប់

បើកឡានចូលលាង បុកអ្នកលាងឡានស្លា…/ប់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានបើករថយន្តឡើងដើម្បីលាង ដោយមានអ្នកលាងរថយន្តម្នាក់ នៅឈរពីមុខ ស៊ីញ៉ូដៃជាសញ្ញា ស្រាប់តែអ្នកបើកបរច្រឡំជាន់ហ្គារស្មានថាប្រាំង បណ្តាលឱ្យរថយន្តស្ទុះទៅមុខ បុកអ្នកស៊ីញ៉ូ ផ្ទប់ជញ្ជាំង បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចទីតាំងលាងរថយន្ត ១កន្លែងរបស់ ឈ្មោះសាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ត ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះសៀង ចាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលាងរថយន្ត មានលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះតូច សំអុល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2D-2979 បើកបរដោយឈ្មោះតូច សំអុល បានបើកចូលមកទីតាំងខាងលើ បំណងលាងរថយន្ត លុះមកដល់ បានបត់រថយន្តចូលទៅក្នុង និងបានបើកឡើងប៉ុង ដើម្បីលាងរថយន្ត លុះពេលកំពុងបើកបរទៅខាងមុខ (ឡើងប៉ុងលាងរថយន្ត) ដល់លើប៉ុង ក៏ឃើញជនរងគ្រោះឈ្មោះសៀង ចាន់ណា ជាអ្នកលាងរថយន្ត និងត្រូវជាកូនបង្កើតម្ចាស់ទីតាំង បានឈរស៊ីញ៉ូលើកដៃជាសញ្ញាឱ្យឈប់ តែអ្នកបើក បរច្រឡំជាន់ហ្គារ បណ្តាលឱ្យរថយន្តស្ទុះទៅមុខ បុកអ្នកស៊ីញុ ផ្ទូប់ជញ្ជាំង បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំវាលរេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើ យកទៅសាកសួរ ដើម្បីបន្តតាមនីតិវិធី។ ចំណែកវត្ថុតាង (រថយន្ត) ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES