Friday, May 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្សារពាក់ស្បែក ខ្ទេ.../ចផ្ទះ៨ខ្នង តូប១៦

ភ្លើងឆេះផ្សារពាក់ស្បែក ខ្ទេ…/ចផ្ទះ៨ខ្នង តូប១៦

ខេត្តព្រះវិហារ ៖ ហេតុការណ៍អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយ បានកើតឡើងទាំងយប់ នៅចំណុចផ្សារពាក់ស្បែក បង្កឱ្យមានការឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ធ្វើឱ្យខូចខាតសរុប ផ្ទះចំនួន៨ខ្នង និងតូបផ្សារ ចំនួន១៦តូប។

ករណីគ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៥ នៅចំណុចផ្សារពាក់ស្បែក ស្ថិតនៅទល់មុខកងពលធំលេខ៣ ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

តាមប្រភពអាជ្ញាធរស្រុកជាំក្សាន្ត បានឱ្យដឹងថា នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្សារពាក់ស្បែក មុខកងពលធំលេខ៣ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យរាលឆេះផ្ទះពលរដ្ឋ ចំនួន៨ខ្នង មាន១៥បន្ទប់ និងតូបជួល ១៦តូប ខូចខាតសម្ភារៈមួយចំនួនធំ តែពុំមានរងរបួសស្នាមដល់មនុស្សទេ។

លោកចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ  កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិ ការដ្ឋាននគរបាលស្រុកជាំក្សាន្ត ១គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់អង្គរក្ស ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងពលធំលេខ៣១គ្រឿង ដោយបានសហការបាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

លោកអភិបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យឆេះ គឺមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ជាមួយនេះ លោកអភិបាលស្រុក បានសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះភ្លើងទៀន ធូប និងបញ្ហាខ្សែភ្លើង ត្រូវតឱ្យតរឹមត្រូវតាមបច្ចេកទេស៕

RELATED ARTICLES