ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានបើកបររថយន្តទាំងងងុយដេក ងោក ១ភាំង ខរថយន្តឱ្យរេចង្កូតទៅបុករះរថយន្ត ១គ្រឿង និងបន្តទៅបុកដើមឈើ បង្គោលភ្លើង ផ្ទាំងប៉ាណូយីហោហាង បង្កឱ្យមានការភ្ញាក់ផ្អើល សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈអ្នកភូមិកំពុងសម្រាកលក់ ស្រាប់តែមានសំឡេងបុកយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើល ទើបពួកគាត់នាំគ្នារត់ទៅមើល ឃើញរថយន្តទំនើប ១គ្រឿង បើកបុករះ ខូចខាតជាច្រើនកន្លែង។

តាមប្រភពអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក FORD RAPTOR ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MIANCHUA បើកបរដោយបុរសវ័យប្រមាណ៦០ឆ្នាំ ធ្វើដំណើរពីជើង ទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅស្តាំដៃ ឡើងខឿនផ្លូវថ្មើរជើង បុករះរថយន្ត PAJERO ១គ្រឿង រួចបន្តទៅបុកដើមឈើ បង្គោលភ្លើងថ្ម ផ្ទាំងប៉ាណូយីហោហាង រួមទាំងកញ្ចក់ហាងលក់ម៉ូតូអាគុយ ២ផ្ទាំងផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសឡើយ ហើយម្ចាស់រថយន្ត ពុំមានស្ថានភាពស្រវឹងនោះទេ គឺងងុយដេក ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង នាំអ្នកបើករថយន្ត និងយករថយន្ត ទៅកាន់ការិយាល័យចរាចរណ៍នគរបាលផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕
