Thursday, June 19, 2025
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ ថាដឹងមេដឹកនាំកំពូលអ៊ីរ៉ង់ នៅឯណា តែនឹងមិនសម្លា.../ប់គាត់ពេលនេះទេ

ដូណាល់ ត្រាំ ថាដឹងមេដឹកនាំកំពូលអ៊ីរ៉ង់ នៅឯណា តែនឹងមិនសម្លា…/ប់គាត់ពេលនេះទេ

សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបថា គាត់ដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កំពុងលាក់ខ្លួននៅទីណា ប៉ុន្តែគាត់នឹងមិនសម្លាប់នៅពេលនេះទេ ប៉ុន្តែការអត់ធ្មត់មានកម្រិត។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា លោកដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមេណេ (Ayatollah Ali Khamenei) កំពុងលាក់ខ្លួននៅទីណា ប៉ុន្តែលោកនឹងមិនដោះស្រាយជាមួយលោក នៅពេលនេះទេ ព្រោះលោកមិនចង់បាញ់មីសស៊ីលទៅលើជនស៊ីវិល។

លោកត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងដឹងច្បាស់ពីកន្លែងដែលគេហៅថា “មេដឹកនាំកំពូល” កំពុងលាក់ខ្លួន។ ប៉ុន្តែយើងនឹងមិនយកគាត់ទេ (សម្លាប់គាត់) នៅពេលនេះទេ។

លោកត្រាំ បាន​​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់ ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ដោយលោកបានសរសេរ​ថា «​យើង​មិន​ចង់​បាន​កាំជ្រួច​បាញ់​លើ​ជន​ស៊ីវិល ឬ​ទាហាន​ទេ។ ការ​អត់ធ្មត់​របស់​យើង ​កំពុង​ធ្លាក់ចុះ​។

លោក ដូណាល់ ត្រាំ បានសរសេរបន្ថែមថា «ឥឡូវនេះ យើងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសលើអ៊ីរ៉ង់។ អ៊ីរ៉ង់ មានឧបករណ៍តាមដានអាកាសល្អ និងឧបករណ៍ការពារផ្សេងទៀត ហើយវាមានច្រើន ប៉ុន្តែវានៅតែមិនអាចប្រៀបធៀបទៅនឹងអ្វីដែលជនជាតិអាមេរិក ផលិតបានឡើយ។ គ្មាន​នរណា​ម្នាក់​អាច​បង្កើត​​បាន​ល្អ​ជាង​សហរដ្ឋ​អាមេរិក ​ដ៏​ចំណាស់​នេះ​ឡើយ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកដូណាល់ ត្រាំ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែបន្ត ដល់ថ្ងៃទីប្រាំហើយ ដោយអ៊ីស្រាអែល អះអាងថា បានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ម្នាក់ទៀត ខណៈដែលប្រជាជនអ៊ីរ៉ង់ បានភៀសខ្លួនចេញពីរដ្ឋធានី ដោយមិនមានសញ្ញានៃការបន្ធូរបន្ថយស្ថានការណ៍ ឬការចរចាការទូតណាមួយឡើយ។ អ៊ីស្រាអែល​ បន្ត​វាយប្រហារ​ក្រុង​តេហ៍រ៉ង់ ខណៈដែលប្រជា ជនអ៊ីរ៉ង់ រាប់ពាន់នាក់បានភៀសខ្លួនចេញពីរដ្ឋធានី។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថាខ្លួនបានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ អាលី សាដម៉ានី (Ali Shadmani) ដែលទើប តែត្រូវបានតែងតាំង។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់ បានបាញ់មីសស៊ីល ឆ្លើយតបទៅអ៊ីស្រាអែល ប៉ុន្តែការវាយប្រហាររបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនសូវមានកម្រិតខ្លាំងទេ ប្រហែលជាដោយសារ តែផលប៉ះពាល់នៃការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល មកលើសមត្ថភាពយោធារបស់ខ្លួន បានបំផ្លាញមួយភាគបីនៃមីសស៊ីលអ៊ីរ៉ង់។ យ៉ាងណា យោធាអ៊ីរ៉ង់ អះអាងថា នៅព្រឹកថ្ងៃទី១៧ មិថុនា មីសស៊ីលរបស់ខ្លួន បានវាយប្រហារការិយាល័យចារកម្មយោធាអ៊ីស្រាអែល នៅទីក្រុង តេលអាវីវ (Tel Aviv) ទោះបីជាមានការការពារយ៉ាងល្អ និងមានជំនួយពីសហរដ្ឋអាមេរិក ក៏ដោយ។ ទន្ទឹមនឹងនេះ ប្រជាជនអ៊ីរ៉ង់ ជាច្រើននាក់ នៅក្នុងទីក្រុងតេហ៍រ៉ង់ (Tehran )បានភៀសខ្លួនចេញពីទីក្រុងនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានព្រមានថា អ្នកគ្រប់គ្នាគួរតែចាកចេញពីរដ្ឋធានី ជាបន្ទាន់។ លោកត្រាំ ក៏​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់ ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​អ្វី​ដែល​ក្រុង​តេហ៍រ៉ង់ ​បាន​បដិសេធ​ជារឿយៗ ហើយ​​ទាមទារ​ការ​ចរចា ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក និយាយ​ថា លោក​មិន​មាន​អារម្មណ៍​ចង់​ចរចា​នៅ​ពេល​នេះ​ទេ៕

RELATED ARTICLES