Sunday, July 27, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌កម្ពុជា ស្នើអង្គការយូណេស្កូ ចាត់វិធានការបន្ទាន់ ការពារប្រាសាទព្រះវិហារ

ក្រសួងវប្បធម៌កម្ពុជា ស្នើអង្គការយូណេស្កូ ចាត់វិធានការបន្ទាន់ ការពារប្រាសាទព្រះវិហារ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៃព្រះរាជាណចក្រកម្ពុជា បានស្នើសហប្រធាន ICC-Preah Vihear និងអង្គការយូណេស្កូ ចាត់វិធានការបន្ទាន់ ការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងសិ ក្សាវាយតម្លៃផលប៉ះពាល់ដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើប្រាស់កាំភ្លើងផ្លោង ធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16  បំផ្លាញឲ្យខូចខាតធ្ងន់ កាលពីថ្ងៃទី២៤ ខែកកក្កដា ឆ្នាំ២០២៥ ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចុះថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សម្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូត នៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូ ប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ បង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការប្រើប្រាស់កាំភ្លើងផ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការព្រួយបារម្ភអំពីផលវិបាក ចេញពីការប៉ះទង្គិចដោយប្រដាប់អាវុធ ដែលកំពុងបង្កការខូចខាតជាក់ស្តែងដែលមាននៅតាមគោបុរៈទី១ ទី២ ទី៣ និងទី៥ តំបន់រចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទ ខណៈដែលប្រាសាទព្រះវិហារ ស្ថិតក្រោមការការពាររបស់អនុសញ្ញាអន្តរជាតិនានា ស្តីពីកិច្ចការការពារបេតិកភណ្ឌ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤។

លោកជំទាវបណ្ឌិតសភាចារ្យ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូ ប្រចាំភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាពរបស់យោធាថៃ និងស្នើសុំអង្គការយូណេស្កូ ប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាពេលខាងមុខ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន»។

គួរបញ្ជាក់ថា ការស្នើរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា  ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីបានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើឈ្លានពានរបស់កងទ័ពថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រ ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោកនោះ មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជា ណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេស មិនគោរពទៅតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍ ៖

-អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ

-ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារនិងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌

-អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃ មានកាតព្វកិច្ចគោរព ការពារ និងអភិរក្សបេ តិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេច ធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ពីសំណាក់ប្រទេសថៃ ផងដែរ។

ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិ ជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរ នៃអនុសញ្ញាទីក្រុងឡាអេ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ»៕ ខៀវទុំ

RELATED ARTICLES