Saturday, August 2, 2025
Homeព័ត៌មានអន្តរជាតិក្រសួងការងារ អំពាវនាវពលរដ្ឋខ្មែរនៅជប៉ុន ប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ

ក្រសួងការងារ អំពាវនាវពលរដ្ឋខ្មែរនៅជប៉ុន ប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន កម្មសិក្សាការី-ពលករ ជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩ៈ៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាស អាសន្នអំពីរលកយក្ស ស៊ូណាមិ រហូតដល់កម្ពស់៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិក របស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។

ក្រសួង បាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។

ក្រសួង សូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថាន ការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរង ផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈ ទូរស័ព្ទរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលេខ +81 80 4689 9374 ឬទំព័រហ្វេសប៊ុក https://www.facebook.com/cambodianembassyinjapan និងទូរស័ព្ទអនុព័ន្ធការងារលេខ 81 80 3362 6168៕

RELATED ARTICLES