ហៃទី៖ យោងតាមរបាយការណ៍ពីរដ្ឋធានីព័រអូប្រាំង បង្ហាញថាមានមនុស្ស៣៨នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅភាគខាងជើងប្រទេសហៃទីកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបើកបោះពួយបុករះសំដៅចូលទៅក្នុងក្រុមអ្នកថ្មើរជើង ។
ចំណែកតួលេខដែលបានស្រង់សម្តីពីអាជ្ញាធរការពារជនស៊ីវិលហៃទីឲ្យដឹងថាដើមឡើយរថយន្តក្រុងមួយនេះបានបើកបុកមនុស្ស២នាក់ក្នុងក្រុងមួយក្បែរក្រុង Gonaives ដែលស្ថិតនៅភាគខាងជើងប្រទេសហៃទីកាលពីវេលាម៉ោង៣ព្រឹកក្នុងស្រុក ហើយក្រោយមកក៏បានបោះពួយបុករះហ្វូងមនុស្សមួយក្រុមដែលបានប្រមូលផ្តុំគ្នាក្នុងពិធីប្រគុំតន្ត្រីមួយ ។
រថយន្តក្រុងនេះត្រូវបានគេបើកបរចេញពីតំបន់ Cap Haitien ឆ្ពោះមកកាន់រដ្ឋធានីព័រអូប្រាំងរបស់ប្រទេសហៃទីជាមួយនិងអ្នកដំណើរជាច្រើននាក់ដែលជិះនៅក្នុងនោះទៀតផង ។
រីឯរបាយការណ៍បានបង្ហាញថាមានមនុស្ស៣៤នាក់ត្រូវបានសម្លាប់ភ្លាមៗនៅនឹងកន្លែងហើយ៤នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ អ្នករងរបួសវិញកំពុងត្រូវបានព្យាបាលនៅមន្ទីរមួយក្នុងទីក្រុង Gonaives ដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រនៃភាគឦសានរដ្ឋធានីនេះ ។
ដោយឡែកអ្នកបើកបរនិងអ្នកដំណើរនៅលើរថយន្តក្រុងវិញជំហានដំបូងត្រូវបាននាំយកទៅកាន់ស្ថានីយប៉ូលិសដើម្បីសាកសួរហើយក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាព ។
តែយ៉ាងណាប្រធានាធិបតីហៃទីលោក Jovenel Moise បានថ្លែងកាលពីថ្ងៃអាទិត្យថាលោកបានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយក្នុងគ្រោះថ្នាក់នេះ ។ ខណៈភ្លាមៗនោះគេពុំទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះនៅឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា