អាហ្វហ្គានីស្ថាន៖ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះថាឈ្លើយសឹកឬចំណាប់ខ្មាំងជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន៣២នាក់ត្រូវបានរំដោះបានដោយសុវត្ថិភាព បន្ទាប់ពីកងកុម្ម៉ង់ដូទ័ពអាហ្វហ្គានីស្ថានបានវាយឆ្មក់ចូលមន្ទីរឃុំឃាំងរបស់ក្រុមភេរវករតាលីបង់មួយកន្លែងដែលស្ថិតនៅខេត្ត Helmand ភាគខាងត្បូងប្រទេសកាលពីរាត្រីថ្ងៃអាទិត្យ ។
សេចក្តីថ្លែងការណ៍ថែមទាំងបានបញ្ជាក់ថាកងកម្លាំងមកពីក្រសួងការពារជាតិនិងកងសន្តិសុខរបស់អាហ្វហ្គានីស្ថានបានឆ្មក់ចូលក្នុងគុកមួយរបស់ពួកតាលីបង់ដែលមានទីតាំងស្ថិតនៅតំបន់ Cha-e-Mirza ស្រុក Nad Ali នៅយប់ថ្ងៃអាទិត្យ ហើយបានរំដោះជនជាតិអាហ្វហ្គានីស្ថាន៣២នាក់មកពីស្រុកខាងលើនិងតំបន់ជុំវិញនោះដែលក្រុមតាលីបង់ចាប់យកធ្វើជាចំណាប់ខ្មាំង កាលពីប៉ុន្មានខែមុននេះ។
ក្នុងចំណោមអ្នកដែលត្រូវបានរំដោះដោយសុវត្ថិភាពចេញពីគុករបស់ពួកភេរវករតាលីបង់គឺមានប៉ូលិស៤នាក់ផងដែរ ។
ចំណែកអ្នកដែលរំដោះបានត្រូវបានបញ្ជូនទៅកាន់ជំរំ Shorab ដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយរបស់អាហ្វហ្គានីស្ថានក្នុងខេត្ត Helmand មុននឹងបន្តបញ្ជូនពួកគេឲ្យជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញក្នុងខេត្ត ដែលស្ថិតនៅចម្ងាយប្រមាណជា៥៥៥គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានមួយនេះ។
កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថាននាពេលកន្លងមក
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា