រុស្ស៊ី៖ តាមដែលគេដឹងមកថារដ្ឋាភិបាលរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងពិសេសរបស់ខ្លួនទៅកាន់មូលដ្ឋានទ័ពអេហ្ស៊ីបដែលស្ថិតនៅកៀកព្រំដែនរបស់ប្រទេសលីប៊ី វាជាអ្វីដែលអាចបំលាស់ទីការពង្រីកឥទ្ធិពលក្នុងនយោបាយវឹកវររបស់ប្រទេសនេះ ។
សារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពពីអ្នកការទូតអាមេរិកនិងអេហ្ស៊ីបថា ការបំលាស់ទីនេះបានកើតឡើងក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានបង្កើនក្តីដល់សហរដ្ឋអាមេរិកអំពីការរីកធំឡើងនៃតួនាទីរបស់រុស្ស៊ីក្នុងប្រទេសលីប៊ី ។
មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងប្រាប់ Reuters ថាសហរដ្ឋអាមេរិកបានឃ្លាំមើលអំពីអ្វីដែលហាក់ដូចជាមានកងកម្លាំងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនិងយន្តហោះដ្រូនពង្រាយនៅតំបន់ Sidi Barrani ប្រទេសអេហ្ស៊ីបដែលស្ថិតនៅចម្ងាយពីព្រំដែនលីប៊ី៦០ម៉ាយ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រភពពីកងកម្លាំងសន្តិសុខអេហ្ស៊ីបថ្លែងថាការដាក់ពង្រាយទ័ពនេះជាប់ពាក់ព័ន្ធនឹងកងកម្លាំងពិសេសរុស្ស៊ីដែលមានសមាជិកចំនួន២២នាក់ ។
មួយវិញទៀតការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីមួយចំនួនក៏ត្រូវបានគេដាក់ការសង្ស័យថាធ្វើឡើងក្នុងនាមលោកឧត្តមសេនីយ៍ Khalifa Haftar ដែលជាអ្នកប្រឆាំងនិងរដ្ឋាភិបាលដែលគាំទ្រដោយអង្គសហប្រជាជាតិរបស់លីប៊ី ។ អតីតមន្ត្រីយោធាម្នាក់ក្នុងជួររដ្ឋាភិបាលរបស់លោក Moammar Gadhafi ក្រោយមកបាននិរទេសខ្លួនទៅរស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក ចំណែកលោក Haftar បានវិលត្រឡប់ចូលលីប៊ីវិញក្នុងឆ្នាំ២០១១ក្នុងអំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ ។ ចាប់តាំងពីពេលនោះមកលោកបានប្រែក្លាយជាអ្នកនយោបាយនិងប្រើកម្លាំងទ័ពដ៏ធំមួយក្នុងពេលចលាចលនៃការវាយប្រហារលោក Gadhafi ។ ទន្ទឹមនិងនេះលោក Haftar ថែមទាំងបានស្វែងរកការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ជាក់ស្តែងលោកបានជួបជាមួយនិងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីខែវិច្ឆិកានិងបានទស្សនកិច្ចនៅនាវាដឹកយន្តហោះចម្បាំងរុស្ស៊ីក្នុងខែមករាទៀតផង ។
ទោះជាយ៉ាងណាមន្ទីរបង់តេហ្គូនបានបដិសេធក្នុងការធ្វើអត្ថាធិប្បាយដល់ Reuters ខណៈក្រសួងការពារជាតិរុស្ស៊ីក៏មិនបានឆ្លើយតបអ្វីនោះដែរ ។ដោយឡែកអ្នកនាំពាក្យកងទ័ពអេហ្ស៊ីបបានទាត់ចោលចំពោះការលើកឡើងថាមានវត្តមានកងទ័ពរុស្ស៊ីក្នុងប្រទេសរបស់ខ្លួន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា