ឥណ្ឌា៖ នៅថ្ងៃសុក្រនេះប៉ូលិសឥណ្ឌាបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីមួយរូបរបស់រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសដែលបាននិងកំពុងរត់គេចខ្លួនកាលពីពីរសប្តាហ៍មុនក្រោយរងការចោទប្រកាន់ចាប់រំលោភស្ត្រីម្នាក់និងប៉នប៉ងរំលោភកូនស្រីរបស់ស្ត្រីរូបនោះថែមទៀត ។
អធិការប៉ូលិសក្រុង Lucknow លោក A. Satish Ganesh បានថ្លែងថាលោក Gayatri Prajapati ដែលជាអតីតរដ្ឋមន្ត្រីរដ្ឋ Uttar Pradesh បាននិងកំពុងលាក់ខ្លួននៅក្នុងទីតាំងខុសៗគ្នាក្នុងរដ្ឋភាគខាងជើងប្រទេសឥណ្ឌាគឺរដ្ឋ Haryana និងរដ្ឋភាគខាងកើត West Bengal កាលពី១៥ថ្ងៃមុន ។
មន្ត្រីប៉ូលិសជាន់ខ្ពស់បានថ្លែងថាផ្អែកតាមការធ្វើដំណើរគេចខ្លួន អតីតរដ្ឋមន្ត្រីរូបនេះត្រូវបានឃាត់ខ្លួនដោយប៉ូលិសមកពីក្រុង Lucknow រដ្ឋខាងលើកាលពីព្រឹកមិញនេះ(ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧) ។
គួររំលឹកថាលោក Prajapati បាននិងកំពុងរត់គេចខ្លួនអស់រយៈពេលជាងពីរសប្តាហ៍ហើយ បន្ទាប់ពីតុលាការកំពូលឥណ្ឌាបានបង្គាប់ឲ្យប៉ូលិសរដ្ឋរៀបចំសំណុំរឿងករណីនេះប្រឆាំងនិងបុគ្គលនេះតាមការចោទប្រកាន់របស់ជនរងគ្រោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា