កាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះបានវាយពីរលើកលើមូលដ្ឋានយោធាក្នុងតំបន់កាហ្សាស្ត្រីបដែលជាតំបន់របស់ក្រុមចលនាហាម៉ាសអ៊ីស្លាមត្រួតត្រា ជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រុក្កែតអស់រយៈពេញមួយយប់តែពុំមានរបាយការណ៍អ្នករងរបួសឡើយ ។
ប្រភពពីក្រុមគ្រូពេទ្យនិងមន្ត្រីសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថាយន្តហោះចម្បាំងជាច្រើនគ្រឿងបានបើកការវាយប្រហារមកលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធក្នុងភាគខាងកើតកាហ្សានិងគោលដៅដ៏ទៃទៀតដែលជាតំបន់ឈរជើងរបស់កងកម្លាំងប៉ូលិសហាម៉ាសក្នុងភាគកណ្តាលកាហ្សាស្ត្រីប បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរតែពុំមានបង្កឲ្យមនុស្សស្លាប់និងរបួសអ្វីឡើយ ។
ការវាយប្រហារពេញមួយយប់នោះទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថាពួកសកម្មប្រយុទ្ធដែលគេមិនស្គាល់អត្តសញ្ញាណនោះបានបាញ់ផ្លោងគ្រាប់រុក្កែតចេញពីឆ្នេរសមុទ្រនៃតំបន់ដែលស្ថិតក្រោមការរឹតបន្តឹងបិទផ្លូវមិនឲ្យជនជាតិអ៊ីស្រាអែលចេញចូលចាប់តាំងពីឆ្នាំ២០០៧។ គ្រាប់រុក្កែតនេះដែរបានបាញ់ចេញពីជើងទម្រដែលជាប់និងដីនៅភាគខាងត្បូងអ៊ីស្រាអែលតែពុំមានរបាយការណ៍បង្ហាញថាមានអ្នករងរបួសឡើយ ។
បណ្តាព័ត៌មានអ៊ីស្រាអែលបានលើកឡើងថាពួកសកម្មប្រយុទ្ធដែលជាបក្សពួករបស់ក្រុម Salafist ស្និទ្ធនិងក្រុមអាយស៊ីសគឺមានភាគរយច្រើនជាងគេក្នុងការនៅពីក្រោយការវាយប្រហារដោយគ្រាប់រុក្កែតចេញពីកាហ្សាចូលអ៊ីស្រាអែល។
ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងសុខាភិបាលកាហ្សាលោក Ashraf al-Qedra បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសារដ៏ខ្លីមួយថាពុំមានរបាយការណ៍ណាមួយបង្ហាញថាឧប្បត្តិហេតុនេះបង្កឲ្យមានអ្នករងរបួសឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា