ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសារសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងកម្លាំងថៃ និងកម្ពុជា តាមបណ្តោយព្រំដែន។ លោកជំរុញឲ្យថៃ ដែលមានបំណងឈ្លានពានកម្ពុជា បញ្ឈប់សង្រ្គាមជាបន្ទាន់ ដើម្បីការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងអាស៊ាន ហើយក្នុងនាមម៉ាឡេស៊ី ប្រធានប្ដូរវេនអាស៊ាន លោកប្តេជ្ញាចូលរួមសម្របសម្រួលស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ការកើតសង្រ្គាមឡើងវិញ ។

សាររបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលបង្ហោះនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយ អាវុធ រវាងកងកម្លាំងកម្ពុជា និងថៃ តាមបណ្តោយព្រំដែនរួមរបស់ពួកគេ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ ការប្រយុទ្ធគ្នាឡើងវិញនេះ ប្រឈមនឹងហានិភ័យនៃការបំផ្លាញស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ។
ប្រទេសថៃ និងកម្ពុជា គឺជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន។ យើងសូមជំរុញឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់អតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមាន។ ប្រទេសម៉ាឡេស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងចៀសវាងឧប្បត្តិហេតុបន្ថែមទៀត។
តំបន់របស់យើង មិនអាចមានលទ្ធភាពមើលឃើញជម្លោះយូរអង្វែងធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នានោះទេ។ អាទិភាពបន្ទាន់ គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ាន ពឹងផ្អែក“ ។
ការថ្លែងសារភ្លាមៗ របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើឡើង បន្ទាប់ពីទាហានសៀមបានបើកការបាញ់ប្រហារយ៉ាងកំរោល មកលើកម្ពុជា ដោយអាវុធធុនធ្ងន់ នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ។
សារអំពាវនាវរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានប្ដូរវេនអាស៊ាន ធ្វើឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា និងប្រកាសសង្គ្រាមជាថ្មី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈកងទ័ពថៃ កំពុងបន្តបើកការវាយប្រហារលើកម្ពុជា។

យោងតាមការចុះផ្សាយរបស់កាសែតខាវសុត ជាភាសាអង់គ្លេស (Khaosod english) របស់ថៃ បានដកស្រង់សម្ដីលោក អនុធិន ថាលោកលែងពិចារណាពីការជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ទៀតហើយ។
នាយករដ្ឋមន្ត្រីថៃ រូបនេះ សង្កត់ធ្ងន់ថា នេះគឺជាបញ្ហាតានតឹងរវាងថៃ និងកម្ពុជា ដោយលោកមិនខ្វល់អំពីផលប៉ះពាល់លើបញ្ហាពន្ធគយរបស់អាមេរិក និងចាត់ទុកថា សេចក្តីប្រកាសរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ត្រូវទុកជាមោឃៈ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ទទួលរងការចោទប្រកាន់ពីក្រុមបាតុករថៃ ថា «ម៉ាឡេស៊ី បានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ ការចោទប្រកាន់របស់ក្រុមបាតុករថៃ នៅពេលនោះ បានធ្វើឡើងនៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅមុខស្ថានទូតម៉ាឡេស៊ី ប្រចាំទីក្រុងបាងកក ប្រទេសថៃ ។ ប៉ុន្តែប្រឈមនឹងការចោទនេះ លោកបានចេញមកច្រានចោល ដោយបានលើកឡើងថា ម៉ាឡេស៊ី មិនបានលូកលាន់កិច្ចការណាមួយក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឡើយ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ម៉ាឡេស៊ី មានតួនាទីត្រឹមតែជា «អ្នកសម្របសម្រួល» ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាអាចបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ។
លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៥ ចំពោះបាតុកម្មប្រឆាំងនឹងលោក នៅទីក្រុងបាងកក ប្រទេសថៃ ថា «ខ្ញុំក៏ទាក់ទងទៅនាយករដ្ឋមន្ត្រី ទាំងពីររូប របស់កម្ពុជា និងថៃ ហើយបានសួរពួកគេថា តើអាចនិយាយគ្នាបានឬអត់? បន្ទាប់មក ពួកគេបានសម្រេចចិត្តលើការចរចា និងបញ្ហានានា។ បន្ទាប់ពីនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយពួកគេផងដែរ»។

លោក អាន់វ៉ា បញ្ជាក់នៅពេលនោះទៀតថា លោកមិនដឹងថា នៅប្រទេសថៃ កំពុងមានបញ្ហានយោបាយផ្ទៃក្នុងអ្វីនោះទេ តែលោកប្រាកដណាស់ថា ម៉ាឡេស៊ី មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកអាស៊ាន ណា មួយនោះទេ។ យ៉ាងណា លោកសង្កត់ធ្ងន់ថា ជនជាតិថៃ មានផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងមានសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួន ហើយវាដូចគ្នានេះដែរចំពោះជនជាតិកម្ពុជា ៕