អុីរ៉ាក់៖ ប្រភពពីប៉ូលិសម្នាក់បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិនថាមនុស្ស១៥នាក់ត្រូវបានសម្លាប់និង៣៣នាក់ទៀតរងរបួសកាលពីថ្ងៃច័ន្ទក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅផ្សារធំមួយក្នុងរដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងទៀតថាការវាយប្រហារបានកើតឡើងនៅពេលល្ងាចស្របពេលរថយន្តមួយគ្រឿងដែលចតនៅផ្សារមួយកន្លែងដែលមានមនុស្សអ៊ូអរក្នុងសង្កាត់សម្បូរអ្នកកាន់និកាយស៊ីអ៊ីតច្រើន Amil ត្រូវបានគេបំផ្ទុះគ្រាប់បែក ។
ប្រភពបន្តថាការបំផ្ទុះដ៏ខ្លាំងក្លានេះបានបំផ្លាញនូវហាងលក់ទំនិញមួយចំនួនរថយន្តជនស៊ីវិលនិងអគារដែលស្ថិតនៅក្បែរនោះជាច្រើនផងដែរ ។
ចំនួនអ្នកស្លាប់អាចកើនឡើងស្របពេលដែល រថយន្តសង្គ្រោះបន្ទាន់ រថយន្តប៉ូលិសនិងជនស៊ីវិលបាននិងកំពុងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនិងគ្លីនិកនានាក្នុងក្រុង ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ ប៉ុន្តែក្រោមអាយស៊ីសក្នុងករណីស្រដៀងគ្នានេះភាគច្រើនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើតំបន់ទីប្រជុំជនដូចយ៉ាងផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា