Wednesday, March 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសណ្ឋាគារ៦ជាន់ ភ្លើងឆេះជាន់ទី២

សណ្ឋាគារ៦ជាន់ ភ្លើងឆេះជាន់ទី២

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារកម្ពស់ ៦ជាន់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹក អស់ចំនួន ៦ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជាន់ទី២ សណ្ឋាគារ ប៊ីយី មានទីតាំងស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យបានកើតឡើងនៅចំណុចខាងលើ លោកប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ភ្លាមៗ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ចុះជួយបាញ់ទឹកពន្លត់ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (ភ្លើងរលត់) នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល។

ក្រុមអន្តរាគមន៍ បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះ នៅមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ខណៈការសន្និដ្ឋានដំបូង អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ឆេះចេញពីបន្ទប់ជាន់ទី២ បង្កជាការឆាបឆេះហុយផ្សែង តែមិនទាន់បានដឹងទំហំការខូចខាតនៅឡើយ តែដឹងថា ឆេះជាន់ទី២ ក្នុងចំណោម៦ជាន់ នៃសណ្ឋាគារ ប៊ីយី។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ករណីអគ្គិភ័យខាងលើ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលក្រុង និងក្រុមហ៊ុនកាស៊ីណូ បានជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ទាំង៦ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

RELATED ARTICLES