Wednesday, March 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអុជធូបសែនម្រេញគង្វាល ឆេះរោងគ្រឿងចក្រ

អុជធូបសែនម្រេញគង្វាល ឆេះរោងគ្រឿងចក្រ

ខេត្តបាត់ដំបង ៖ រោងដាក់គ្រឿងចក្រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមូលហេតុផ្តើមចេញពីការដុតធូបទៀន សែនម្រេញគង្វាល ធ្វើឱ្យកើតជាអគ្គិភ័យ បង្កឱ្យខូចខាតសម្ភារៈ និងគ្រឿងចក្រ ជាច្រើន។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខវត្តភ្នំកាច់ផ្កា ស្ថិតក្នុងភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

តាមប្រភពជនរងគ្រោះ ឈ្មោះគីម គឿង ហៅគឹង ភេទប្រុស អាយុ២៧ឆ្នាំ បានរៀបរាប់ប្រាប់ថា អគ្គិភ័យនេះ បានឆេះរាលដាលដល់សំយាបរោងដាក់គ្រឿងយន្ត សម្ភារៈកសិកម្ម ស្រូវ និងទ្រព្យសម្បត្តិផ្សេងៗទៀត។ ចំពោះការខូចខាតដោយអគ្គិភ័យដែលផ្តើមចេញពីភ្លើងធូប ទៀនលើរានម្រេញគង្វាលនេះ ហាក់មិនធ្ងន់ធ្ងរប៉ុន្មានទេ ព្រោះឆេះអគ្គិភ័យឆេះត្រឹមសំយាបរោងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរោង មានគ្រឿងចក្រ និងសម្ភារៈប្រើ ប្រាស់ផ្នែកកសិកម្ម ជាច្រើន។

យោងតាមរបាយការណ៍ បានឱ្យដឹងថា សម្ភារៈដែលខូចខាត រួមមាន ១-គោយន្តកន្ត្រៃ ចំនួន២គ្រឿង។ ២-ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង។ ៣-ម៉ាស៊ីនបាញ់ថ្នាំ ចំនួន៣គ្រឿង។ ៤-ធុងបាស់ ១ឈុត។ ៥-ប៉ុស្តិ៍ផ្សារដែក ១ឈុត។ ៦-ម៉ាស៊ីនកិនដំឡូង ១គ្រឿង។ ៧-ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង។ ៨-តង់កៅស៊ូ ចំនួន៥០ដុំ។ ៩-ស្រូវ ២តោន និង១០-ស័ង្កសី ចំនួន៥០សន្លឹក។

ករណីអគ្គិភ័យខាងលើនេះ មានម្ចាស់រោង និងប្រជាពលរដ្ឋនៅក្បែរៗនោះ បានប្រឹងប្រែងពន្លត់ ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច មិនចេញជួយអន្តរាគមន៍ទាន់ពេលទេ ដោយហេតុផ្លូវឆ្ងាយ ហើយម៉្យាងទៀត អគ្គិ ភ័យនោះ ឆេះលឿនបំផុត។ លុះនៅព្រឹកថ្ងៃបន្ទាប់ ទើបមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះទៅពិនិត្យទីតាំងកើតហេតុ រួចបញ្ជាក់ថា អគ្គិភ័យនោះ បានផ្តើមចេញភ្លើងធូបទៀន ដែលម្ចាស់ទីតាំងបានដុតទុកចោលលើរាន ម្រេញគង្វាល ហើយភ្លើងបានរាលឆេះពំនូកចំបើង នៅក្បែរនោះ ទើបបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅវេ លារំលងអធ្រាត្រ ដែលមិនអាចគ្រប់គ្រងបានទាន់ពេល៕

RELATED ARTICLES