ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ កម្ពុជា បានបណ្តេញជនបរទេសដែលមកស្នាក់នៅ ធ្វើការដោយខុសច្បាប់ សរុបចំនួន១១២១នាក់ ចេញពីប្រទេស។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុ វត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុប ចំនួន ១ ១២១នាក់ (ស្រី ៦៧នាក់)។

ជនបរទេសដែលត្រូវបណ្តេញចេញទាំង ១១២១នាក់ សរុបមាន១៥សញ្ជាតិ រួមមាន ចិន ជប៉ុន បង់ក្លាដែស ប៉ាគីស្ថាន កុងហ្គោល ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ចិនតៃវ៉ាន់ នេប៉ាល់ ហ្វីលីពីន និងនីហ្សេរីយ៉ា ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មានជនជាតិចិន ចំនួន៤៧៨នាក់ (ស្រី១៩នាក់) បណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិចិន ១៥០នាក់ )ស្រី ៣នាក់) បណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិ សៀមរាបអង្គរ។ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុ វត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យ មានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
