ភ្នំពេញ ៖ ក្រមុំវ័យ១៩ឆ្នាំម្នាក់ ខឹងម៉ែស្ដីប្រដៅ បានបីឆ្មាសម្បុរបី ១ក្បាល ចុះចេញពីផ្ទះ ទាំងយប់ ធ្វើឲ្យក្រុមគ្រួសារខ្វល់ខ្វាយ ព្រួយបារម្ភបានតាមស្វែងរកពេញមួយយប់ និងប្រកាសដំណឹងស្វែងរកកូនស្រី ដង្ហោយហៅកូន ត្រឡប់មកផ្ទះវិញ ។

យោងតាមដំណឹងបាត់កូនស្រី ដែលស្រ្តីជាម្ដាយ បានប្រកាសរក បញ្ជាក់ថា កូនស្រីដែលបាត់ មានឈ្មោះ ខៃអេង សិរីថង អាយុ១៩ឆ្នាំ សម្បុរស កម្ពស់ ១,៦៥ម៉ែត្រ, ទម្ងន់ប្រហែល ៦០គីឡូក្រាម បានចាកចេញពីផ្ទះ នៅម្តុំរង្វង់មូលទួលគោក កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។ ចំណុចសម្គាល់ពិសេស នាងបានយកសត្វឆ្មាបរទេស (សម្បុរបី) ដែលនាងស្រឡាញ់បំផុត ទៅជាមួយផងដែរ ។ ប្រសិនបើបងប្អូនបានឃើ ញ ឬមានដំណឹងរបស់កូនស្រីដែលមានភិនភាគដូចខាងលើ សូមមេត្តាទាក់ទងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៦៤៧ ០០០ (012 647 000) ។
ក្រុមគ្រួសារយុវតីខាងលើ បានបញ្ជាក់ថា នឹងមាន “ជូនសគុណ” ជាការតបស្នងដល់បងប្អូនដែលបានជួយរកឃើញ ឬផ្តល់ព័ត៌មានច្បាស់ការ។
ជាមួយគ្នានេះ ស្ត្រីជាម្តាយ បានផ្ញើសារទៅកូនស្រីដែលចុះចេញពីផ្ទះនោះ ឲ្យត្រឡប់មកផ្ទះវិញ ទោះមានរឿងអី ក៏អាចនិយាយគ្នាបានដែរ គាត់ជាម្តាយមិនខឹង ឬប្រកាន់ទោសអូដំណើរកូនស្រីឡើយ ហើយគាត់សន្យាឈប់ស្តីបន្ទោសកូនទៀតហើយ សុំឲ្យតែកូនមកផ្ទះវិញ គ្មានម្តាយណាចង់ឲកូនអាក្រក់ទេ ការស្តីបន្ទោស ក៏ចង់ឲ្យកូនល្អដែរ។

ស្ត្រីជាម្តាយ បានផ្ញើសារទៅកូនស្រីថា «កូនស្រីម៉ាក់ មកផ្ទះវិញ ទោះមានរឿងអីក៏ជជែកគ្នាបានដែរ ម៉ាក់មិនខឹងទេ ម៉ាក់ឈប់ស្តីបន្ទោសឲ្យកូនហើយ សុំឲ្យតែកូនមកផ្ទះវិញ អ្វីៗនឹងល្អគ្រប់យ៉ាង។ គាត់បានយកឆ្មាសម្បុរបី យកទៅជាមួយ ពេលគាត់រត់ចេញពីផ្ទះ។ កូនអើយ មកផ្ទះវិញទៅ គ្មានម្តាយណាចង់ឲ្យកូនអាក្រក់ ការស្តីបន្ទោស ក៏ចង់ឲ្យកូនល្អដែរ គ្មានគំនិតផ្សេងទេ»។
ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ ស្រី្ដជាម្ដាយ បានបញ្ជាក់ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ថា អ្នកស្រីសុំមិនទាន់និយាយពីសាច់រឿងលម្អិត ជុំវិញមូលហេតុដែលកូនស្រីរបស់គាត់ ចុះចេញពីផ្ទះ ទាំងយប់នេះទេ។

ស្រីជាម្ដាយ បាននិយាយទាំងអារម្មណ៍ហ្មងសៅ និងល្វើយអស់កម្លាំងក្នុងការតាមស្វែងរកកូនស្រីថា “ខ្ញុំឥឡូវនេះ អត់ទាន់ផ្តល់ការសម្ភាសពីព័ត៌មានទេ ដោយសារយប់មិញ ខ្ញុំហត់នឿយបន្ដិច សុំសម្រាកបន្តិច!“ ៕ កុលបុត្រ